ព័ត៌មានជាតិ

ប្រេស៊ីល គ្រោងបើកទូតនៅភ្នំពេញ ក្នុងឆ្នាំ២០២៤ ខណៈកម្ពុជាក៏គ្រោងបើកនៅប្រេស៊ីលដែរ

រូបភាពពី៖​ STPM

ភ្នំពេញ ៖ លោក ម៉ៅរូ វីអេរ៉ា រដ្ឋមន្ត្រីការបរទេសប្រេស៊ីស បានប្រាប់សម្តេចធិបតី ហ៊ុន ម៉ាណែត ពីគម្រោងបើកស្ថានឯកអគ្គរដ្ឋទូតរបស់ខ្លួន នៅរាជធានីភ្នំពេញ ក្នុងឆ្នាំ២០២៤ ខាងមុខនេះ ស្របពេលនៃខួបអនុស្សាវរីយ៍ លើកទី៣០ នៃទំនាក់ទំនងការទូតកម្ពុជា-ប្រេស៊ីល ។
ជាមួយនឹងការគ្រោងបើកទូតនៅភ្នំពេញនេះដែរ កម្ពុជាក៏មានគម្រោងដែរ ក្នុងការបើកទូតនៅប្រេស៊ីល ប៉ុន្តែមិនទាន់ដឹងពីកាលបរិច្ឆេទ ។

ការលើកឡើងពីគម្រោងរបស់ រដ្ឋមន្ត្រីការបរទេសប្រេស៊ីលបែបនេះ ធ្វើឡើងនាព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ ក្នុងឱកាសសម្តេចធិបតី អនុញ្ញាតឲ្យលោក ម៉ៅរូ វីអេរ៉ា ចូលជួបសម្តែងការគួរសម ក្នុងអំទ្បុងពេលនៃដំណើរបំពេញទស្សនកិច្ចផ្លូវការចំនួន៣ថ្ងៃ នៅកម្ពុជា។

ក្នុងជំនួបនេះ លោករដ្ឋមន្ត្រី បានសម្តែងនូវក្តីរីករាយសាទរចំពោះការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបើកស្ថានឯកអគ្គរាជទូតកម្ពុជា នៅក្នុងប្រទេសប្រេស៊ីល ។

ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រីការបរទេសប្រេស៊ីល ក៏បានអញ្ជើញ សម្តេចធិបតីទៅបំពេញទស្សនកិច្ច នៅប្រេស៊ីល ក្នុងពេលវេលាសមស្របណាមួយដែរ ។ ជាការឆ្លើយតប សម្តេចធិបតី បានទទួលយកការអញ្ជើញនេះ និងបានបង្ហាញពីបំណង ក្នុងការអញ្ជើញលោកប្រធានាធិបតីប្រេស៊ីល មកបំពេញទស្សនកិច្ចនៅកម្ពុជាវិញ ជាពិសេសនៅក្នុងឆ្នាំ២០២៤ ខាងមុខនេះ ដែលជាឆ្នាំនៃការប្រារព្ធខួបលើកទី៣០ នៃចំណងការទូតផ្លូវការកម្ពុជា-ប្រេស៊ីល ព្រមជាមួយការបើកដំណើរការស្ថានអគ្គរដ្ឋទូតប្រេស៊ីល ប្រចាំនៅកម្ពុជាផងដែរ ៕

To Top