បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin គ្រោងនឹងទៅបំពេញទស្សនកិច្ចនៅប្រទេសចិន នៅសប្តាហ៍ក្រោយ ជំនួយការរបស់លោក គឺលោក Yuri Ushakov បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃពុធ ដោយកត់សម្គាល់ថា ការត្រៀមរៀបចំសម្រាប់ការធ្វើដំណើររបស់លោក ឥឡូវនេះកំពុងដំណើរការហើយ។
យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងដែរថាទោះបីជាយ៉ាងណាក្តីកាលបរិច្ឆេទពិតប្រាកដនៃដំណើរទស្សនកិច្ចរបស់លោក Putin មិនទាន់ត្រូវបានចេញផ្សាយនៅឡើយទេ ប៉ុន្តែអ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានកត់សម្គាល់នៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃពុធថា កាលបរិច្ឆេទទាំងនេះត្រូវបានកំណត់ ហើយនឹងត្រូវប្រកាសក្នុងពេលឆាប់ៗនេះ។
គួរឲ្យដឹងដែរថាបើមិនមានអ្វីប្រែប្រួលទេមុននឹងធ្វើដំណើរទៅប្រទេសចិន មេដឹកនាំរុស្ស៊ីរូបនេះក៏នឹងទៅបំពេញទស្សនកិច្ចនៅប្រទេសកៀហ្ស៊ីស៊ីស្ថាននៅថ្ងៃទី ១២និង១៣ ខែតុលានេះផងដែរ។
រំលឹកដែរថាកាលពីខែមុន ក្នុងជំនួបជាមួយរដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi នៅទីក្រុងមូស្គូ លោក Putin បានបញ្ជាក់ថា លោកនឹងធ្វើដំណើរទៅកាន់ទីក្រុងប៉េកាំង ក្នុងដំណើរទស្សនៈកិច្ចបរទេសលើកដំបូងនៅឆ្នាំ ២០២៣៕
ប្រែសម្រួល៖ស៊ុនលី