ព័ត៌មានជាតិ

សហជីពធំៗ គាំទ្រការផ្តល់រថយន្តក្រុងសាធារណៈ ឥតគិតថ្លៃ ដែលធ្វើឱ្យកម្មករសន្សំបាន២០ដុល្លារ យ៉ាងតិច

ភ្នំពេញ៖ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ រាជរដ្ឋាភិបាលកម្ពុជា បានចាត់ឲ្យរដ្ឋបាលសាលារាជធានីភ្នំពេញ រៀបចំរថយន្តក្រុងដឹកអ្នកដំណើរចំនួន ៤៥៥គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈដោយឥតគិតថ្លៃ ជូនកម្មករនិយោជិត និងប្រជាពលរដ្ឋ រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣។


លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ សម្តែងការគាំទ្រចំពោះការរៀបចំឡានក្រុងដឹកជញ្ជូនដោយឥតគិតថ្លៃ ក្នុងអំឡុងពេលបុណ្យភ្ជុំឆ្នាំនេះ ព្រោះមិនត្រឹមតែកាត់បន្ថយការចំណាយថ្លៃធ្វើដំណើររបស់កម្មករនិយោជិត និងប្រជាពលរដ្ឋប៉ុណ្ណោះទេ ថែមទាំងអាចធានាសុវត្ថិភាពខ្ពស់តាមរយៈការប្រើមធ្យោបាយធ្វើដំណើរទៅស្រុកកំណើត ដោយជិះឡានក្រុងសាធារណៈនេះផងដែរ។

លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ


ត្រង់ចំនុចសុវត្ថិភាពនេះ លោកមើលឃើញថា បើទោះបីជាកន្លងមករដ្ឋាភិបាលបានចេញបម្រាមមិនឲ្យឡានឈ្នួលឯកជន ដឹកសំពីងសំពោងក្តី ប៉ុន្តែឡានឈ្នួលភាគច្រើននៅតែមានការដឹកអ្នកដំណើរច្រើនហួសកំណត់ ហើយដាក់អ៊ីវ៉ាន់ក្នុងឡានច្រើនថែមទៀតក្នុងរថយន្ត ដែលពិបាកសម្រាប់អ្នកដំណើរ។ ដូចនេះ លោកស្នើដល់រាជរដ្ឋាភិបាល បន្តរៀបចំការផ្តល់ជូនសេវាដឹកជញ្ជូនឥតគិតថ្លៃ ក្នុងពេលបុណ្យជាតិសំខាន់ៗ ដូចជាបុណ្យភ្ជុំ និង ចូលឆ្នាំខ្មែរជាដើម ដើម្បីកាត់បន្ថយការចំណាយថ្លៃធ្វើដំណើររបស់កម្មករនិយោជិត ទៅលេងស្រុកកំណើត។


ចំណែក លោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិ លើកឡើងថា ការរៀបចំមធ្យោបាយដឹកជញ្ជូនតាមឡានក្រុងសាធារណៈឥតគិតថ្លៃ អំឡុងពេលបុណ្យភ្ជុំ និងបុណ្យចូលឆ្នាំខ្មែរ គឺត្រូវបានរាជរដ្ឋាភិបាលរៀបចំសម្រាប់ប្រជាពលរដ្ឋ តាំងពីសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីមកម៉្លេះ ប៉ុន្តែសម្រាប់ឆ្នាំនេះ លោកកត់សំគាល់ឃើញថា ចំនួនឡានក្រុងកាន់តែច្រើន រហូតដល់ ៤៥៥គ្រឿងឯណោះ។

លោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិ


ចំនុចដែលលោកចាប់អារម្មណ៍នោះ គឺបងប្អូនកម្មករនិយោជិត ប្រជាពលរដ្ឋដែលជិះឡានក្រុងឥតគិតថ្លៃនេះ គឺអាចសល់លុយជាមធ្យមម្នាក់ប្រមាណ២០ដុល្លារ សម្រាប់ទុកធ្វើបុណ្យ និងចាយវាយផ្សេងៗ ព្រោះបើសិនជាពួកគាត់ជិះឡានឈ្នួលឯកជនទាំងទៅ ទាំងមកវិញ គឺត្រូវចំណាយលុយមួយជើងក៏ប្រមាណជា៥ម៉ឺនរៀលដែរ។
ដូចនេះ ក្នុងនាមជាមេដឹកនាំសហជីពឯករាជក្នុងវិស័យវាយនភ័ណ្ឌ កាត់ដេរ លោកអរគុណដល់រាជរដ្ឋាភិបាលអាណត្តិទី៧នេះ ដែលយកចិត្តទុកដាក់រៀបចំមធ្យោបាយធ្វើដំណើរដែលប្រកបដោយផាសុកភាព សុវត្ថិភាព ជូនបងប្អូនកម្មករនិយោជិត និងប្រជាពលរដ្ឋក្នុងឱកាសបុណ្យភ្ជុំនេះ។


បន្ថែមពីនេះ លោក ហ្វា សាលី អំពាវនាវដល់អ្នកបើកបររថយន្ត និង ម៉ូតូក្តី សូមមានការប្រុងប្រយ័ត្ន គិតពីសុវត្ថិភាពជាចំបង ដោយលោកបញ្ជាក់នូវសាររំលឹកមួយ គឺ ‘បើបើកបរសូមកុំពិសារគ្រឿងស្រវឹង បើស្រវឹងសូមកុំបើកបរ’៕

To Top