ព័ត៌មានអន្តរជាតិ

ជម្លោះអ៊ីស្រាអែល៖ ពលករថៃ ស្លាប់កើនដល់២៨នាក់ ខណៈរដ្ឋាភិបាលក្រុងបាងកក កំពុងដុតដៃដុតជើងជម្លៀសពលរដ្ឋខ្លួន ៧ពាន់នាក់ខែក្រោយនេះ

Picture courtesy of KhaoSod

បរទេស៖ រដ្ឋមន្ត្រីក្រសួងការងាររបស់ប្រទេសថៃ លោក Phiphat Ratchakitprakarn បាននិយាយកាលពីថ្ងៃអាទិត្យថា ចំនួនពលករថៃដែលត្រូវបានសម្លាប់នៅក្នុងជម្លោះអ៊ីស្រាអែលបានកើនឡើងដល់ ២៨ នាក់ហើយ ខណៈលោកបានប្តេជ្ញាជម្លៀសពលករថៃទាំងអស់ចំនួន ៧.០០០នាក់ ដែលចង់ត្រឡប់ទៅវិញក្នុងខែក្រោយ។

យោងតាមសារព័ត៌មាន The Nation របស់ថៃចេញផ្សាយកាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងថា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ថៃលោក Thawee Sodsong បានចូលរួមជាមួយលោក Phiphat ក្នុងការចូលរួមរំលែកទុក្ខដល់គ្រួសារពលករទាំង ២៨នាក់ ដែលបានស្លាប់។ រដ្ឋមន្ត្រី​ទាំងពីរ​នាក់​នៅ​សណ្ឋាគារ SC ក្នុង​ទីក្រុង​បាងកក ដោយ​និយាយ​ទៅកាន់​ក្រុម​ទី​៣​នៃ​កម្មករ​ចំនួន ៩០​នាក់ ដែល​បាន​បញ្ជូន​ត្រឡប់​មក​ប្រទេស​វិញ​។

លោក Phiphat បានប្រាប់ក្រុមត្រឡប់មកវិញនោះថា ពលករចំនួន ១៣៧ នាក់ផ្សេងទៀតនឹងមកដល់តាមជើងហោះហើរពិសេសនៅព្រឹកថ្ងៃចន្ទ ខណៈខ្លះទៀតនឹងត្រលប់មកវិញដោយខ្លួនឯងក្នុងជើងហោះហើរពាណិជ្ជកម្ម។

ទន្ទឹមនឹងនោះ លោកថា ពលករដែលទិញសំបុត្រដោយខ្លួនឯង ដើម្បីត្រឡប់ទៅប្រទេសថៃ គួរតែបង្ហាញប័ណ្ណឡើងយន្តហោះ ដល់មន្ត្រីការងារ ដើម្បីទាមទារយកថ្លៃធ្វើដំណើរពីរដ្ឋវិញ។

លោក​បាន​បន្ត​ថា រហូត​មក​ដល់​ពេល​នេះ មាន​ជន​ជាតិ​ថៃ​ជាង ៧ ពាន់​នាក់​ហើយដែលបាន​ចុះ​ឈ្មោះ​ជាមួយ​ស្ថានទូត​ថៃ​ប្រចាំ​ទីក្រុង Tel Aviv ប្រទេសអ៊ីស្រាអែល ដើម្បី​ត្រឡប់​មក​វិញ ប៉ុន្តែ​មាន​តែ ២០០ នាក់​ប៉ុណ្ណោះ​ដែល​អាច​ត្រឡប់​មក​វិញ​ក្នុង​ពេល​បច្ចុប្បន្ន។

រដ្ឋាភិបាល​បាន​រៀបចំ​ជើងហោះហើរ​ពិសេសជាមួយ​ក្រុមហ៊ុន Nok Air, AirAsia និង Thai Airways ដើម្បី​នាំ​មនុស្ស​ត្រឡប់មកវិញ​។ ក្រុមហ៊ុន Nok Air នឹង​ផ្តល់​យន្តហោះ​មួយ​គ្រឿង AirAsia ពីរ​គ្រឿង និង THAI មួយ​គ្រឿង ខណៈ​កងទ័ព​អាកាស​ថៃ​ក៏នឹង​បញ្ជូន​យន្តហោះផ្សេងទៀតផងដែរ។

ទោះ​យ៉ាង​ណា លោក​បាន​និយាយ​ថា ជនជាតិ​ថៃ​ជា​ច្រើន​មិន​អាច​ចាក​ចេញ​ពី​ប្រទេស​អ៊ីស្រាអែល​បាន​ទេ ដោយសារ​ពួកគេ​បាន​បាត់​លិខិត​ឆ្លង​ដែន​ពេល​កំពុង​ភៀស​ខ្លួន ឬ​ជ្រកកោន​ពី​សមរភូមិ៕
ប្រែសម្រួលៈ ណៃ តុលា

To Top