ព័ត៌មានជាតិ

ចាប់ពីថ្ងៃទី១៦-១៨ តុលា នៅភ្នំពេញ និងខេត្តដទៃទៀត អាចមានភ្លៀងធ្លាក់ លាយឡំផ្គររន្ទះ

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ចាប់ពីថ្ងៃទី១៦-១៨ ខែតុលា ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តដទៃទៀត អាចមានភ្លៀងធ្លាក់ ក្នុងកម្រិតពីខ្សោយទៅមធ្យម លាយឡំផ្គររន្ទះ ។

តាមរយៈសេចក្ដីជូនដំណឹងរបស់ ក្រសួងធនធានទឹក នាថ្ងៃទី១៦ តុលា នេះ បានឱ្យដឹងថា ប្រព័ន្ធសម្ពាធទាប (ITCZ) បន្តអូសបន្លាយកាត់លើភាគខាងត្បូងប្រទេសកម្ពុជា។ ខណៈសម្ពាធទាបសកម្មដែល ភ្ជាប់នៅចុងប្រព័ន្ធសម្ពាធទាបនេះ បានចូលដល់ភាគកណ្តាល នៃប្រទេសវៀតណាម ហើយនឹងបន្តរំកិលឆ្ពោះមកទិសខាងលិច ចូលដល់លើខ្ពង់រាបភាគឦសាននៅថ្ងៃទី១៧ ខែតុលា។

ក្រសួង បន្ដថា រីឯទិសដៅខ្យល់បន្តបក់ប្រែប្រួល ប្តូរមកពីទិសខាងកើតនិងអាគ្នេយ៍ (Variable winds)។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែតុលា បណ្តាខេត្តស្ថិតនៅតំបន់ខ្ពង់រាបភាគឦសាន និងភាគខាងកើតជាប់នឹងប្រទេសវៀតណាម អាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំផ្គររន្ទះ ជាមួយនឹងទំហំទឹកភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដីពី ៥០-៧០%។

ក្រសួង គូសបញ្ជាក់ថា «ចំណែកនៅរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តដទៃទៀត អាចមានភ្លៀងធ្លាក់នៅក្នុង កម្រិតពីខ្សោយទៅមធ្យម លាយឡំផ្គររន្ទះ ជាមួយនឹងទំហំទឹកភ្លៀងធ្លាក់ គ្របដណ្តប់លើផ្ទៃដីពី ៤០-៥០%»៕

To Top