ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានគាំទ្រការបន្តសិក្សាលើគម្រោង អភិវឌ្ឍន៍ផ្លូវរថភ្លើងធុនស្រាល នៅរាជធានីភ្នំពេញ, ខេត្តកណ្តាល និងខេត្តសៀមរាប។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងបែបនេះ នាឱកាសអនុញ្ញាតឲ្យលោក លី ខ័រ (Li Kuo) ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន China Metro Group ចូលជួបសម្តែងការគួរសម នៅរដ្ឋធានីប៉េកាំង នាព្រឹកថ្ងៃទី១៧ តុលា ។
លោក លី ខ័រ បានលើកឡើងពីវឌ្ឍនភាព នៃការសិក្សារបស់ក្រុមហ៊ុន លើគម្រោងអភិវឌ្ឍផ្លូវរថភ្លើងធុនស្រាលចំនួនពីរខ្សែរ គឺ៖គម្រោងផ្លូវរថភ្លើងធុនស្រាលតភ្ជាប់ពី អាកាសយាន្តដ្ឋានអន្តរជាតិខេត្តសៀមរាប-អង្គរ ទៅកាន់ក្រុងសៀមរាប និងគម្រោងផ្លូវរថភ្លើងធុនស្រាល តភ្ជាប់ពីអាកាសយាន្តដ្ឋានអន្តរជាតិតេជោ(កណ្តាល) ទៅកាន់រាជធានីភ្នំពេញ ។ ដោយឡែក លោកប្រធានក្រុមប្រឹក្សាភិបាល ក៏បានបញ្ជាក់បន្ថែមថា ក្រុមហ៊ុនក៏នឹងសិក្សាអំពីលទ្ធភាពផ្សេងៗ ក្នុងការជួយសម្រាល បន្ទុកចរាចរណ៍នៅកម្ពុជា ផងដែរ ។
ជាកិច្ចឆ្លើយតប សម្តេចធិបតី បានបញ្ជាក់ពីការគាំទ្រចំពោះគម្រោងនានា ដែលក្រុមហ៊ុន China Metro Group បាននិងកំពុងសិក្សានៅកម្ពុជា ពាក់ព័ន្ធនឹងការដោះស្រាយបញ្ហាចរាចរណ៍ ព្រមទាំងបានផ្តល់ជាអនុសាសន៍ដល់ក្រុមហ៊ុន ឲ្យមានការគិតគូរសព្វគ្រប់ជ្រុងជ្រោយ ជាអាទិ៍ ការអភិវឌ្ឍផ្លូវដែកធុនស្រាល, ស្ពានអាកាស និងផ្លូវក្រោមដី ៕