ព័ត៌មានជាតិ

រាជរដ្ឋាភិបាលកម្ពុជានិងក្រុមហ៊ុនចិន ចុះហត្ថលេខា លើគម្រោងផ្លូវនាវាចរណ៍ “ ព្រែកជីកហ្វូណនតេជោ “

ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ បានចូលរួមជាអធិបតីភាពក្នុងពិធីចុះហត្ថលេខាលើឯកសារសំខាន់ៗ ចំនួន៣ រវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ជាមួយក្រុមហ៊ុន វិស័យឯកជន នៃសាធារណរដ្ឋប្រជាមានិតចិន។

ឯកសារសំខាន់ៗទាំង៣រួមមាន៖

១ .ពិធីចាប់ផ្ដើមជាផ្លូវការនៃភាពជាដៃគូ eWPT Cambodia ។

២. ពិធីចុះហត្ថលេខារវាង ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៃព្រះរាជាណាចក្រកម្ពុជា និងក្រុមហ៊ុន ហួវៃ ថេកណូឡជី ខូអិលធីឌី (Huawei Technologies Co., Ltd.) ។

៣. ពិធីចុះហត្ថលេខា កិច្ចព្រមព្រៀងក្របខណ្ឌគម្រោងផ្លូវនាវាចរណ៍ “ ព្រែកជីកហ្វូណនតេជោ “ រវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងសាជីវកម្មស្ពាន និងថ្នល់ចិន ។

សូមរំលឹកថា គម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់ ត្រូវបានបញ្ចប់ការសិក្សាសមិទ្ធិលទ្ធផល រួចរាល់ដោយបានប្រើប្រាស់ រយៈពេលសរុប២៦ខែគ្រោងចំណាយទុនវិនិយោគ ១ ៧០០លានដុល្លារអាមេរិក។ តាមសិក្សាបង្ហាញថា ផ្លូវទឹកនេះមានប្រវែង១៨០គីឡូម៉ែត្រ ចាប់ពីព្រែកតាកែវនៃទន្លេមេគង្គឆ្លងកាត់តាមព្រែកតាឯកនៃទន្លេបាសាក់ រួចចូលតាមព្រែកតាហ៊ីងនៃទន្លេបាសាក់ ស្រុកកោះធំ និងបន្តរហូតដល់ដៃសមុទ្រ ខេត្តកែប ដោយឆ្លងកាត់ខេត្តចំនួន៤រួមមាន ខេត្តកណ្ដាល តាកែវ កំពត និងកែប៕

To Top