ព័ត៌មានជាតិ

ក្នុងឱកាសបុណ្យកឋិន ! ក្រសួង ហាមដើររៃអង្គាសតាមផ្លូវសាធារណៈ និងទីប្រជុំជន

ភ្នំពេញ ៖ ដើម្បីរៀបចំបុណ្យកឋិនទានឲ្យដំណើរការ និងប្រព្រឹត្តទៅស្របតាមទំនៀមទម្លាប់ និងប្រពៃណីព្រះពុទ្ធសាសនា, ក្រសួងធម្មការ និងសាសនា បានហាមដើររៃអង្គាស នៅតាមផ្លូវសាធារណៈ និងទីប្រជុំជននាំឲ្យបាត់សណ្ដាប់ធ្នាប់ របៀបរៀបរយសង្គម។

យោងតាមសេចក្ដីណែនាំរបស់ក្រសួងធម្មការ នាថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣បានឲ្យដឹងថា គ្រប់មន្ទីរធម្មការ រាជធានី-ខេត្ត ត្រូវយកចិត្តទុកដាក់បង្កលក្ខណៈឲ្យបានល្អប្រសើរ ប្រគេនព្រះសង្ឃ ជូនពុទ្ធបរិស័ទ ប្រារព្ធពិធី កឋិនទាន ស្របតាមពុទ្ធប្បញ្ញត្តិ និងពុទ្ធានុញ្ញាត។

ក្រសួងបន្ដថា គ្រប់វត្តអារាម ត្រូវរៀបចំសម្អាតទីតាំងវត្តអារាម ផ្លូវថ្នល់ បូជនីយដ្ឋាន ដោយតុបតែងលម្អ បំភ្លឺ ភ្លើងពណ៍ លើកទង់ជាតិ ទង់សាសនា ទង់ព្រះមហាក្សត្រ បដាពាក្យស្លោក ពាក្យអប់រំ និងពុទ្ធភាសិតនានា ឲ្យបានច្រើន តាមដែលអាចធ្វើទៅបាន។ គ្រប់វត្តអារាមនីមួយៗ ប្រសិនបើទេយ្យវត្ថុ មានភោជនាហារ នំចំណីជាដើម លើសពីសេចក្តីត្រូវការ គួរចាត់ចែងរៀបចំជូនដល់ចាស់ព្រឹទ្ធាចារ្យ កុមារកំព្រា ជនពិការ និងជនងាយរងគ្រោះផ្សេងៗទៀត។

ជាមួយគ្នានេះក្រសួងគូសបញ្ជាក់ដែរថា «ហាមដើររៃអង្គាសនៅតាមផ្លូវសាធារណៈ និងទីប្រជុំជនជាដើម ដែលធ្វើឲ្យបាត់បង់សណ្ដាប់ធ្នាប់ របៀបរៀបរយសង្គម និងកិត្តិយសព្រះពុទ្ធសាសនា»។

សូមបញ្ជាក់ថា បុណ្យកឋិនទាន ជាកាលទានមួយដ៏ថ្លៃថ្លា មានលក្ខណៈពិសេសនៅក្នុងព្រះពុទ្ធសាសនា ដែលក្នុងមួយឆ្នាំមានតែម្តង មានរយៈពេលកំណត់តែ ២៩ថ្ងៃ ដោយវត្តមួយទទួលបានតែអង្គកឋិនមួយ ជាទានមាន ផលានិសង្សច្រើន ជាទីជ្រះថ្លានិងចំណូលចិត្តរបស់ពុទ្ធបរិស័ទខ្មែរ ដែលតែងតែប្រារព្ធធ្វើឡើង រៀងរាល់ឆ្នាំ។ ឆ្នាំនេះ កឋិនទាន នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣០ ខែតុលា ដល់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣៕

To Top