ព័ត៌មានជាតិ

វៀតណាម ប្រាប់កម្ពុជា ពីការប្តេជ្ញាមិនអនុញ្ញាត ឲ្យកម្លាំងអមិត្តណា ប្រើទឹកដីប្រទេសនីមួយៗ ធ្វើឲ្យប៉ះប្រយោជន៍ប្រទេសដទៃ

ភ្នំពេញ៖ ក្នុងជំនួបជាមួយនាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ នៅហាណូយ នាថ្ងៃទី១៧ តុលា ឧត្តមសេនីយ៍ឯកបម្រុង ង្វៀន តឹងគឿង អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម បានប្តេជ្ញានឹងបន្តពង្រឹងការកសាងទំនាក់ទំនង និងទំនុកចិត្តទឹកចិត្តឲ្យកាន់តែមាន ប្រសិទ្ធភាព ដោយប្រកាន់ខ្ជាប់នូវគោលជំហររបស់ប្រទេសទាំងពីរ មិនអនុញ្ញាតឲ្យកម្លាំងអមិត្តណា ប្រើប្រាស់ទឹកដីរបស់ប្រទេសនីមួយៗ ធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍របស់ប្រទេសដទៃ ។

ចំណែកនាយឧត្ដមសេនីយ៍ វង្ស ពិសេន អះអាងថា កងយោធពលខេមរភូមិន្ទ នឹងបន្តអនុវត្តកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងពិធីសារដែលបានចុះហត្ថលេខាដោយ រដ្ឋមន្ត្រីក្រសួងការពារជាតិប្រទេសទាំងពីរ ក្នុងនោះ បន្តការផ្លាស់ប្តូរទស្សនកិច្ចគណៈប្រតិភូនៅគ្រប់កម្រិត ព្រមទាំងការបណ្តុះបណ្តាលធនធានមនុស្ស ការផ្លាស់ប្តូរព័ត៌មានចារកិច្ច ការសហប្រតិបត្តិការសង្គ្រោះគ្រោះមហន្តរាយ និងការចូលរួមបង្កលក្ខណៈងាយស្រួលភារកិច្ចកំណត់ខណ្ឌសីមា និងការបោះបង្គោលព្រំដែន តាមផែនការរបស់រដ្ឋាភិបាលនៃប្រទេសទាំងពីរ។

ជាកិច្ចឆ្លើយតបឧត្តមសេនីយ៍ឯកបម្រុង ង្វៀន តឹងគឿង បានគូសបញ្ជាក់ពីស្ថានភាពពិភពលោក និងតំបន់ដែលបន្តវិវត្តន៍ និងស្មុគស្មាញ ទាមទារឲ្យប្រទេសទាំងពីរប្តេជ្ញាចិត្តជំរុញសកម្មភាព ដើម្បីពង្រឹងចំណងសាមគ្គីភាព មិត្តភាព កិច្ចសហប្រតិបត្តិការរវាងប្រទេស និងកងទ័ពទាំងពីរឲ្យកាន់តែរឹងមាំ ស្របតាមចក្ខុវិស័យរួមរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ ជាពិសេសកិច្ចព្រមព្រៀងកិច្ចប្រជុំកំពូលវៀតណាម-កម្ពុជាឆ្នាំ២០២៣។

ប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម បានប្តេជ្ញាថា «នឹងបន្តពង្រឹងការកសាងទំនាក់ទំនង និងទំនុកចិត្តទឹកចិត្តឲ្យកាន់តែមានប្រសិទ្ធភាព ដោយប្រកាន់ខ្ជាប់នូវគោលជំហររបស់ប្រទេសទាំងពីរ មិនអនុញ្ញាតឲ្យកម្លាំងអមិត្តណាប្រើប្រាស់ទឹកដីរបស់ប្រទេសនីមួយៗ ធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍របស់ប្រទេសដទៃ ដោយហេតុនេះ ការបន្តពង្រឹងកិច្ចសហប្រតិបត្តិការវិស័យយោធាគឺជាកត្តាចាំបាច់ ជាសសរស្តម្ភដ៏សំខាន់មួយក្នុងទំនាក់ទំនងទ្វេភាគីរវាងវៀតណាមនិងកម្ពុជា» ។

ការលើកឡើងរបស់លោកនេះ ក្រោយពីភេរវកររបស់វៀតណាមដែលមានមូលដ្ឋានជិតព្រំដែនកម្ពុជាកាលពីប៉ុន្មានខែមុន បានបាញ់រះនៅក្នុងឃុំមួយបណ្តាលឲ្យមេឃុំ និងមនុស្សប៉ុន្មាននាក់ទៀតបានស្លាប់និងរងរបួស៕

To Top