ភ្នំពេញ៖ ប្រជាពលរដ្ឋ នៅខណ្ឌចំការមនដែលបានចូលរួមវេទិកាផ្សព្វផ្សាយសាធារណៈនៅព្រឹកថ្ងៃ១៩ តុលានេះ ភាគច្រើនខ្វល់ខ្វាយ ពីការកសាងហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងភូមិដ្ឋានរបស់ខ្លួន ខណៈការដ្ឋានសាងសង់ស្ពានអាកាសព្រះមុនីវង្ស ដែលជាស្ពានអាកាស មានរង្វង់មូលនៅលើអាកាស កំពុងដំណើរការសាងសង់ ហើយបានហូរទាំងទឹកនិងថ្ម ចូលទៅក្នុងភូមិដ្ឋានរបស់ពលរដ្ឋ បណ្តាលឲ្យលិចលង់។
ក្នុងវេទិកា ពិគ្រោះយោបល់ អាណត្តិទី៣នេះដែរ ប្រជាពលរដ្ឋក៏បានស្នើឲ្យអាជ្ញាធររាជធានីភ្នំពេញ ជួយស្ថាបនាផ្លូវ ដាក់លូ ដាក់បង្គោលភ្លើងបំភ្លឺសាធារណៈ បុកស៊ីផាយនៅប្រឡាយបឹងត្របែក និងការជួយដោះស្រាយ ការលិចលង់ដោយជំនន់ទឹកភ្លៀង ។
ជាក់ស្តែង ប្រជាពលរដ្ឋ ដែលមានលំនៅដ្ឋាន នៅក្បែរស្ពានអាកាសព្រះមុនីវង្សនេះ បានលើកឡើងថា កាលពី
មិនទាន់មានការដ្ឋានស្ពានអាកាស ព្រះមុនីវង្សនេះ ភូមិដ្ឋានរបស់ខ្លួន ត្រូវបានទប់ទំនប់ការពារ តែខណៈការដ្ឋានស្ថាបនាស្ពានអាកាសព្រះមុនីវង្សនេះ បានដំណើរការ ក្រុមការងាររបស់ការដ្ឋាន បានកាយទំនប់ដែលទប់ទឹកនោះចេញអស់ ធ្វើឲ្យទឹកភ្លៀងហូរចូលភូមិដ្ឋានរបស់ខ្លួន ថែមទាំនាំទាំងម្ទេចថ្មរបស់ការដ្ឋាន ចូលទៅជាមួយថែមទៀត ។
ពាក់ព័ន្ធនឹងបញ្ហាខាងលើនេះ លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានបញ្ជាក់ថា ប្រជាពលរដ្ឋរស់នៅក្នុងភូមិដ្ឋានក្បែរការដ្ឋានស្ពានអាកាសព្រះមុន្នីវង្ស ទីតាំងនេះ មានស្ថានភាពទាបខ្លាំងដែលងាយនឹងទទួលរងការលិចលង់ ប៉ុន្តែទោះបីជាយ៉ាងក្តី មន្ទីរនឹងដាក់ក្រុមការងារបច្ចេកទេសចុះទៅពិនិត្យជាក់ស្ដែង និងរិះរកគ្រប់វិធី ដើម្បីដោះស្រាយជូន ឬក៏អាចប្រើប្រាស់ម៉ាស៊ីនបូមទឹកតែម្ដង។
ក្នុងនោះ លោកស្រី កែវ សុខពិសី បានលើកឡើងថា វេទិកានេះ មានប្រជាពលរដ្ឋលើកឡើង ជាសំណើរនិងសំណូមពរដោយផ្ទាល់មាត់ ចំនួន៨នាក់ស្មើ និង១៣បញ្ហា និងសំណើរជាលាយលក្ខណ៍អក្សរចំនួន១២ ច្បាប់ ហើយរាល់សំណើរនិងសំណូម ដោយផ្ទាល់មាត់នេះ ត្រូវបានដោះស្រាយស្ទើរទាំងអស់ ។ ចំពោះ សំណើរដែល ដោះស្រាយមិនទាន់បាន ក្រុមការងារនឹងចុះទៅសិក្សាស្នើសុំគោលការណ៍សម្រេចពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ឬពិនិត្យលទ្ធភាព ដាក់ចូលក្នុងគម្រោងអភិវឌ្ឍន៍៣ឆ្នាំរំកិល។
ដោយឡែកលោក ម៉ប់ សារិន បានលើកឡើងថា វេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ធ្វើឡើងដើម្បីបញ្ជាក់ឲ្យប្រជាពលរដ្ឋ បានដឹងពីសមិទ្ធិផលដែលសម្រេចបាន និងបញ្ហាប្រឈម ជាមួយនឹងការប្រាប់ពីស្ថានភាពហិរញ្ញវត្ថុរបស់រដ្ឋបាលរាជធានីភ្នំពេញ និងស្តាប់ពីសំណើរនិងសំណូមពរ របស់ប្រជាពលរដ្ឋ ដើម្បីយកមកដោះស្រាយជូនពួកគាត់។
សូមរំលឹកថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានី អាណត្តិទី៣ ឆ្នាំ២០២៣ សម្រាប់ពលរដ្ឋខណ្ឌចំការមន បានធ្វើឡើងនាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ ក្រោមវត្តមានលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោកស្រី កែវ សុខពិសី អភិបាលរងរាជធានី តំណាងលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន៕