យេរ៉ូសាឡឹម៖ គណៈរដ្ឋមន្ត្រីក្នុងសម័យសង្គ្រាម របស់អ៊ីស្រាអែល បានសម្រេចថា ខ្លួននឹងអនុញ្ញាត ឱ្យឆ្លងកាត់ជំនួយមនុស្សធម៌ ជាមូលដ្ឋានពីអេហ្ស៊ីប ទៅកាន់តំបន់ហ្គាហ្សាស្ទ្រីប ដែលត្រូវបានឡោមព័ទ្ធ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
ការិយាល័យនាយករដ្ឋមន្ត្រីអ៊ីស្រាអែល បានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “អ៊ីស្រាអែល នឹងមិនរារាំងការផ្គត់ផ្គង់មនុស្សធម៌ពីអេហ្ស៊ីបនោះទេ ដរាបណាពួកគេមានអាហារ ទឹក និងថ្នាំ សម្រាប់ជនស៊ីវិល ដែលមានទីតាំងនៅភាគខាងត្បូងហ្គាហ្សាស្ទ្រីប”។
ប្រភពបានព្រមានថា “ការផ្គត់ផ្គង់ណាមួយ ដែលទៅដល់ក្រុមហាម៉ាស នឹងត្រូវបានរារាំង។ គណៈរដ្ឋមន្ត្រីបានបន្ថែមថា ការឆ្លងកាត់ជំនួយមនុស្សធម៌ ណាមួយពីអ៊ីស្រាអែល ទៅកាន់តំបន់ហ្គាហ្សា នឹងមិនអនុញ្ញាតឡើយ ដរាបណាចំណាប់ខ្មាំង ដែលត្រូវបានចាប់ពង្រត់ដោយក្រុមហាម៉ាស មិនត្រូវបានបញ្ជូនត្រឡប់មកវិញ ។
យោងតាមសេចក្តីថ្លែងការណ៍ ការសម្រេចចិត្តនេះត្រូវបានធ្វើឡើង ជាការឆ្លើយតបទៅនឹងសំណើ របស់ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន ដើម្បីផ្តល់ការផ្គត់ផ្គង់សំខាន់ៗ ដល់តំបន់ហ្គាហ្សា ដែលកំពុងប្រយុទ្ធ ។ លោក បៃដិន បានទៅដល់ប្រទេសអ៊ីស្រាអែល កាលពីព្រឹកថ្ងៃពុធ ដើម្បីបំពេញទស្សនកិច្ចរយៈពេលខ្លីមួយ ។
បន្ថែមពីលើនេះ គណៈរដ្ឋមន្ត្រីបានបញ្ជាក់ថា អ៊ីស្រាអែលទាមទារឱ្យអនុញ្ញាតឱ្យកាកបាទក្រហមចូលជួបចំណាប់ខ្មាំង។ អ៊ីស្រាអែលបានកាត់ផ្តាច់ការផ្គត់ផ្គង់អគ្គិសនី ទឹក និងអាហាររបស់តំបន់ហ្កាហ្សា បន្ទាប់ពីការវាយប្រហារដ៏ភ្ញាក់ផ្អើលរបស់ក្រុមហាម៉ាសមកលើអ៊ីស្រាអែលកាលពីថ្ងៃទី០៧ ខែតុលា។
លោក Abeer Etefa ដែលជាអ្នកដឹកនាំទំនាក់ទំនងក្នុងតំបន់របស់កម្មវិធីស្បៀងអាហារពិភពលោក (WFP) សម្រាប់មជ្ឈិមបូព៌ា និងអាហ្វ្រិកខាងជើង បានឲ្យដឹងថា ស្តុកអាហារបច្ចុប្បន្ននៅក្នុងហ្គាហ្សា គឺគ្រប់គ្រាន់ សម្រាប់តែពីរសប្តាហ៍ប៉ុណ្ណោះ ហាងអាហារមានទុនបម្រុងប្រហែល ៥ថ្ងៃ ហើយនៅទីនោះ មានការលំបាកក្នុងការបំពេញ បន្ថែមហាងទាំងនោះពីឃ្លាំង ៕
ប្រែសម្រួល ឈូក បូរ៉ា