ព័ត៌មានអន្តរជាតិ

អូស្ត្រាលី ​នឹង​ចូលរួម​សមយុទ្ធ​ ប៉ុស្តិ៍​បញ្ជាការ​រួម​ជប៉ុន-អាមេរិក ​ជា​លើកដំបូង

Kyodo

កង់បេរ៉ា៖ ក្រសួងការពារជាតិបានឲ្យដឹងថា ប្រទេសជប៉ុន និងអូស្ត្រាលី បានព្រមព្រៀងគ្នា​ថា កងទ័ពអូស្ត្រាលី នឹងចូលរួមក្នុងសមយុទ្ធប៉ុស្តិ៍បញ្ជាការ រួមទ្រង់ទ្រាយធំរវាងកងកម្លាំងស្វ័យការពារជប៉ុន និងយោធាសហរដ្ឋអាមេរិកជាលើកដំបូង ដែលមិនធ្លាប់មានពីមុនមក។

ក្រសួងបានឲ្យដឹងថា ក្នុងអំឡុងកិច្ចពិភាក្សារបស់ពួកគេនៅទីក្រុងតូក្យូ រដ្ឋមន្ត្រីការពារជាតិ Minoru Kihara និងសមភាគីអូស្ត្រាលីលោក Richard Marles ដោយសម្លឹងមើលការកើនឡើង នៃឥទ្ធិពលរបស់ចិន នៅក្នុងតំបន់ បានសន្យាជំរុញកិច្ចសហប្រតិបត្តិការ សន្តិសុខត្រីភាគីជាមួយសហរដ្ឋអាមេរិក។

យោងតាមក្រសួងបានឱ្យដឹងថា កងកម្លាំងការពារជាតិអូស្ត្រាលី គ្រោងនឹងចូលរួមសមយុទ្ធ ប៉ុស្តិ៍បញ្ជាការជប៉ុន-អាមេរិក ចំនួនពីរដែលបានគ្រោងទុកគឺ “យ៉ាម៉ាសាគូរ៉ា” ពីចុងខែវិច្ឆិកា និង “Keen Edge” នៅក្នុងខែកុម្ភៈ។

លោក Kihara បានប្រាប់អ្នកយកព័ត៌មាន បន្ទាប់ពីកិច្ចប្រជុំនេះថា ការចូលរួមរបស់អូស្ត្រាលីគឺមានសារៈសំខាន់ណាស់ នៅក្នុងលក្ខខណ្ឌនៃការពង្រឹងមុខងារបញ្ជា និងការគ្រប់គ្រងក្នុងចំណោមកងកម្លាំងជប៉ុន អូស្ត្រាលី និងសហរដ្ឋអាមេរិក។

ប្រមុខការពារជាតិក៏បានស្វាគមន៍ ចំពោះសេចក្តីប្រកាសនៅមុនថ្ងៃមួយ ស្តីពីកិច្ចព្រមព្រៀងនៃគម្រោងអភិវឌ្ឍន៍ បច្ចេកវិទ្យាឡាស៊ែររួមគ្នារវាងក្រសួងការពារជាតិអូស្ត្រាលី និងក្រុមហ៊ុន Mitsubishi Electric Corp របស់ជប៉ុន ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top