ព័ត៌មានអន្តរជាតិ

កាណាដា អំពាវនាវឲ្យអ៊ីស្រាអែល និងក្រុមហាម៉ាស បង្កើតបទឈប់បាញ់ឲ្យបានឆាប់ តាមដែលអាចធ្វើទៅបាន

រូបភាពពី៖​ AFP

អូតាវ៉ា៖ សមាជិកសភាកាណាដាជាង ៣០នាក់កាលពីថ្ងៃសុក្របានជំរុញឱ្យនាយករដ្ឋមន្ត្រីកាណាដា Justin Trudeau ជួយសម្របសម្រួលបទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស។

នៅក្នុងលិខិតរួមមួយផ្ញើជូនលោក Trudeau សមាជិកសភាកាណាដា បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការបាត់បង់ជីវិតមនុស្សស្លូតត្រង់ ដោយសារតែជម្លោះបង្ហូរឈាមដែលកំពុងបន្ត។

ក្នុង​ចំណោម​សមាជិក​សភា​ដែល​បាន​ចុះ​ហត្ថលេខា​លើ​លិខិត​នោះ មាន​២៣​នាក់​ជា​របស់​គណបក្ស​សេរី​និយម ដែល​កំពុង​កាន់​អំណាច​នៃ​ប្រទេស​កាណាដា នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោកបន្ដថា “កាណាដា ជាសំឡេងសម្រាប់សន្តិភាពយូរមកហើយ។ ជម្លោះនេះកាន់តែយូរ ជនស៊ីវិលស្លូតត្រង់កាន់តែច្រើននឹងចំណាយជីវិតរបស់ពួកគេ។ យើងទាមទារឱ្យកាណាដា ចូលរួមការអំពាវនាវអន្តរជាតិ ដែលកំពុងកើនឡើងសម្រាប់បទឈប់បាញ់ជាបន្ទាន់។ កាណាដា ត្រូវតែធ្វើសកម្មភាពមុនពេលកុមារស្លូតត្រង់កាន់តែច្រើនត្រូវបានសម្លាប់”។

ប្រទេសហត្ថលេខីរួមមានអតីតរដ្ឋមន្ត្រីខុទ្ទកាល័យកាណាដា Omar Alghabra និងលេខាធិការសភាបច្ចុប្បន្ន ៦នាក់ នេះបើយោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក។

លិខិតរបស់សមាជិកសភាកាណាដា ធ្វើឡើងបន្ទាប់ពីការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលរបស់ពួកហាម៉ាសលើគោលដៅយោធាអ៊ីស្រាអែល និងទីប្រជុំជនដែលនៅជាប់នឹងហ្គាហ្សាស្ទ្រីប កាលពីពីរសប្តាហ៍មុន ដែលជំរុញឱ្យមានការវាយប្រហារតាមអាកាសយ៉ាងទូលំទូលាយលើតំបន់ហ្គាហ្សា៕ ប្រែសម្រួល ឈូក បូរ៉ា

To Top