ព័ត៌មានអន្តរជាតិ

ជំនួយ​មនុស្សធម៌​ ចូល​ដល់​តំបន់​ហ្គាហ្សា ខណៈអ៊ីស្រាអែល កំពុងរៀបចំដំណាក់កាល​បន្ទាប់ ​នៃ​សង្រ្គាម

Xinhua

យេរ៉ូសាឡឹម៖ ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល បានបន្តវាយលុកតំបន់ហ្គាហ្សាស្ទ្រីប ខណៈដែលចលនាតស៊ូអ៊ីស្លាមប៉ាឡេស្ទីន (ហាម៉ាស) បានបន្តបាញ់រ៉ុក្កែតទៅ លើអ៊ីស្រាអែលនៅថ្ងៃសៅរ៍ទី១៥ នៃជម្លោះប្រដាប់អាវុធ ដែលកំពុងបន្ត។

នៅថ្ងៃនោះ ឡានដឹកទំនិញចំនួន ២០គ្រឿងដែលផ្ទុកដោយជំនួយមនុស្សធម៌ បានចូលតំបន់ហ្គាហ្សា តាមរយៈច្រក Rafah ដែលជាច្រកឆ្លងកាត់ព្រំដែន តែមួយគត់រវាងតំបន់ឆ្នេរ ដែលត្រូវបានឡោមព័ទ្ធ និងប្រទេសអេហ្ស៊ីប បន្ទាប់ពីមានការបិទផ្លូវអស់រយៈពេលពីរសប្តាហ៍។

រថយន្តដឹកទំនិញទាំងនោះត្រូវបាន ផ្ទុកដោយជំនួយផ្នែកវេជ្ជសាស្រ្ត ដែលផ្តល់ដោយស្ថាប័នរបស់ប្រទេសអេហ្ស៊ីប នៃសម្ព័ន្ធជាតិសម្រាប់ការងារអភិវឌ្ឍន៍ស៊ីវិល និងអឌ្ឍចន្ទក្រហមអេហ្ស៊ីប លោក Aya Ahmed មន្ត្រីទំនាក់ទំនងសាធារណៈនៃមូលនិធិ Life Makers បានប្រាប់ស៊ីនហួ។

លោក Salama Maarouf ប្រធានការិយាល័យប្រព័ន្ធផ្សព្វផ្សាយរដ្ឋាភិបាល ដែលគ្រប់គ្រងដោយក្រុមហាម៉ាស នៅទីក្រុងហ្គាហ្សា បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយ ផ្ញើទៅកាន់ស៊ីនហួថា “ក្បួនមានកំណត់បែបនេះនឹងមិនអាច ផ្លាស់ប្តូរមហន្តរាយមនុស្សធម៌ ដែលតំបន់ហ្គាហ្សាស្ទ្រីបកំពុងជួបប្រទះនោះទេ” ។

លោក Maarouf បានបន្ដថា វាមានសារៈសំខាន់ណាស់ ក្នុងការបង្កើតច្រករបៀងសុវត្ថិភាព ដែលធ្វើការជុំវិញនាឡិកា ដើម្បីផ្តល់ជំនួយមនុស្សធម៌ និងអនុញ្ញាតឱ្យអ្នករបួសទទួលបានការ ថែទាំវេជ្ជសាស្រ្តសមស្រប ដែលខ្វះខាតនៅក្នុងតំបន់ហ្គាហ្សា ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top