ព័ត៌មានជាតិ

ឧបនាយករដ្ឋមន្រ្តី នេត សាវឿន ៖ គ្រឿងញៀន ត្រូវបានចាត់ទុកស្មើ នឹងសន្តិសុខជាតិ

ភ្នំពេញ ៖ លោក នេត សាវឿន ឧបនាយករដ្ឋមន្រ្តី ប្រធានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន បានថ្លែងថា ករណីគ្រឿងញៀន ត្រូវបានរាជរដ្ឋាភិបាល អាណត្តិទី៧នេះ ចាត់ទុកស្មើនឹងបញ្ហាសន្តិសុខជាតិ ដូច្នេះគ្រប់ភាគីពាក់ព័ន្ធ ត្រូវរួមគ្នាទប់ស្កាត់ និងលុបបំបាត់ឲ្យខាងតែបាន។

ក្នុងកិច្ចប្រជុំ ស្តីពីការប្រកាសសមាសភាពបន្ថែម នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នាថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ លោកឧបនាយករដ្ឋមន្រ្តី នេត សាវឿន បានបញ្ជាក់ថា «យុទ្ធសាស្រ្តរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចាត់ទុកគ្រឿងញៀនជាមុំមួយ ឬជាស្នូលមួយ ក្នុងយុទ្ធសាស្រ្តបច្ចកោណ របស់រាជរដ្ឋាភិបាល ដោយសម្តេចចាត់ទុកគ្រឿងញៀននេះ ស្មើនឹងសន្តិសុខជាតិ សណ្តាប់ធ្នាប់សង្គម ដោយសារតែបញ្ហាគ្រឿងញៀននេះហើយ នាពេលអនាគតយុវជនយើង និងស្រុកយើងបាត់បង់សមត្ថភាព បាត់បង់ពលកម្ម បាត់បង់បញ្ញាញាណ និងបាត់បង់ធនធានមនុស្សជាដើម» ។

ឧបនាយករដ្ឋមន្រ្តីបន្ដថា កម្ពុជាថ្វីត្បិតតែជាប្រទេសមិនបានកែច្នៃ និងផលិតគ្រឿងញៀនក៏ពិតមែន ប៉ុន្តែកម្ពុជាត្រូវបានគេនាំចេញ និងនាំចូលឆ្លងកាត់ ខណៈបច្ចុប្បន្នមានការកើនឡើងគួរឲ្យព្រួយបារម្ភ ដូច្នេះហើយបានជាសម្តេចធិបតី ហ៊ុន ម៉ាណែត សម្រេចបង្កើនសមាសភាពបន្ថែម រហូតដល់២៤ក្រសួងស្ថាប័ន ដើម្បីរួមគ្នាទប់ស្កាត់ និងបង្រ្កាបករណីនេះឲ្យបានក្នុងគោលបំណង ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ជាតិទាំងមូល។

ជាមួយគ្នានោះដែរ លោកឧបនាយករដ្ឋមន្រ្តី នេត សាវឿន ក៏បានស្នើឲ្យមានការដកចេញពីក្របខណ្ឌ ក្រោយរកឃើញមន្រ្តីនគរបាលណាដែលប្រើប្រាស់ និងជាប់ពាក់ព័ន្ធគ្រឿងញៀន ខណៈករណីនេះលោកក៏បានកោតសរសើរ ដល់ក្រសួងការពារជាតិ អនុវត្តបានយ៉ាងល្អ នឹងធ្វើការដកឈ្មោះចេញ ពីក្របខណ្ឌក្រោយមន្រ្តីយោធា របស់ខ្លួនប្រើប្រាស់គ្រឿងញៀន ៕

To Top