បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ក្រសួងការពារជាតិ នៃប្រទេសកូរ៉េខាងត្បូង បានប្រកាសកាលពីថ្ងៃអាទិត្យម្សិលមិញថា សហរដ្ឋអាមេរិក ប្រទេសកូរ៉េខាងត្បូង និងប្រទេសជប៉ុន បានចូលរួមសហការគ្នាក្នុងការធ្វើសមយុទ្ធយោធាដ៏ធំបំផុតមួយ មិនធ្លាប់មានរវាងគ្នា។
កងទ័ពអាកាសកូរ៉េខាងត្បូង បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សមយុទ្ធនេះបានធ្វើឡើងនៅឧបទ្វីបកូរ៉េ ហើយមានគោលបំណងលើកតម្កើងសមត្ថភាពរបស់ប្រទេសទាំងបី ក្នុងការទប់ទល់នឹងការគំរាមកំហែងនុយក្លេអ៊ែរ និងមីស៊ីលរបស់ប្រទេសកូរ៉េខាងជើង។
គួរឲ្យដឹងដែរថាសមយុទ្ធនេះមានយ៉ាងហោចណាស់ការចូលរួមពីសំណាក់យន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ B-52 Stratofortress របស់សហរដ្ឋអាមេរិក ក៏ដូចជាយន្តហោះចម្បាំងកូរ៉េខាងត្បូង និងជប៉ុន ដើម្បីអមដំណើរផងដែរ។
សមយុទ្ធត្រីភាគីនេះ ធ្វើឡើងស្របពេលដែលកូរ៉េខាងជើងបានថ្កោលទោសចំពោះការដាក់ពង្រាយយន្តហោះទម្លាក់គ្រាប់បែកដែលមានសមត្ថភាពនុយក្លេអ៊ែររបស់អាមេរិកនៅភាគខាងត្បូង ដែលបានឈរជើងក្នុងប្រទេសកាលពីដើមសប្តាហ៍នេះ។
រដ្ឋាភិបាលទីក្រុងព្យុងយ៉ាងបានព្រមានថា យន្តហោះប្រភេទនេះនឹងក្លាយជាគោលដៅដំបូងសម្រាប់ការវាយបំផ្លាញរបស់ខ្លួន ប្រសិនបើជម្លោះកើតឡើងពេញលេញនៅក្នុងឧបទ្វីបកូរ៉េ៕ ប្រែសម្រួល៖ស៊ុនលី