ព័ត៌មានអន្តរជាតិ

មេដឹកនាំជនជាតិជ្វីហ្វម្នាក់ ត្រូវបានគេចាក់សម្លាប់ នៅក្នុងទីក្រុងDetroit សហរដ្ឋអាមេរិក

រូបភាពពី៖​ AFP

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT អាជ្ញាធរក្នុងតំបន់បានរាយការណ៍ថា ប្រធានក្រុមប្រឹក្សានៃសាលាប្រជុំនៅក្រុង Detroit​អ្នកនាង Samantha Woll ត្រូវបានគេប្រទះឃើញស្លាប់ដោយមានស្នាមចាក់ជាច្រើនកន្លែងនៅខាងក្រៅផ្ទះរបស់នាងកាលពីព្រឹកថ្ងៃសៅរ៍។

ខណៈពេលដែលការស៊ើបអង្កេតលើការស្លាប់របស់នាងនៅតែស្ថិតក្នុងដំណាក់កាលដំបូងនៅឡើយប៉ុន្តែ ហេតុការណ៍នេះត្រូវបានគេពិនិត្យឃើញថាបានកើតឡើងចំពេលមានការកើនឡើងថ្មីៗនៃឧប្បត្តិហេតុប្រឆាំងសាសនាអន្តរជាតិ បន្ទាប់ពីការកើនឡើងចុងក្រោយបង្អស់នៃបញ្ហាជម្លោះរវាងអ៊ីស្រាអែល និងក្រុមហាម៉ាសនៅមជ្ឈិមបូព៌ា។

យោងតាមនាយកដ្ឋានប៉ូលីសក្រុង Detroit មន្រ្តីបានឆ្លើយតបទៅនឹងការហៅទូរស័ព្ទអំពីមនុស្សម្នាក់ដែលដេករបួសក្នុងថ្លុកឈាមនៅផ្ទាល់នឹងដីនៅម៉ោងប្រហែល៦និង៣០ព្រឹកហើយ នៅពេលមកដល់ សេវាសង្គ្រោះបន្ទាន់បានប្រកាសថា Woll បានបាត់បង់ជីវិតរួចទៅហើយ។

មន្ត្រីប៉ូលីសលោក Dan Donakowski បាននិយាយថា៖ខណៈពេលដែលនៅកន្លែងកើតហេតុ មន្រ្តីប៉ូលីសបានសង្កេតឃើញមានស្នាមឈាមទៅដល់លំនៅដ្ឋានរបស់ជនរងគ្រោះ ដែលជាកន្លែងឧក្រិដ្ឋកម្មត្រូវបានគេជឿថាបានកើតឡើងនៅទីនោះ។

គួរឲ្យដឹងដែរថាក្រៅពីការបម្រើជាប្រធានក្រុមប្រឹក្សាភិបាលនៃ Isaac Agree Downtown Synagogueអ្នកនាង Woll ក៏ជាសកម្មជននយោបាយក្នុងតំបន់ផងដែរ។ នាងបានធ្វើការជាជំនួយការដល់តំណាងប្រជាធិបតេយ្យ Elissa Slotkin និងជាបុគ្គលិកយុទ្ធនាការសម្រាប់គណបក្សប្រជាធិបតេយ្យម្នាក់ទៀត អគ្គមេធាវី Dana Nessel៕ ប្រែសម្រួល៖ស៊ុនលី

To Top