ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានគូសបញ្ជាក់ថា ការងារអាទិភាពរបស់រាជរដ្ឋាភិបាល គឺគិតគូពីបញ្ហាសុខភាព ប្រជាពលរដ្ឋជាធំ ពីព្រោះបើគ្មានសុខភាពល្អទេក៏មិនអាចធ្វើអ្វីបានដែរ។
ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ “មន្ទីរពេទ្យជាតិ តេជោសន្តិភាព” នាព្រឹកថ្ងៃ២៤ តុលា សម្តេចធិបតីគូស បញ្ជាក់ថា «រាជរដ្ឋាភិបាលបានគិត គូពីបញ្ហាសុខភាពជាធំ ព្រោះថាបើគ្មានសុខភាពល្អទេយើងមិនអាចធ្វើអ្វីបានទេ»។
សម្តេចធិបតីលើកឡើងថា រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ចំពោះសុខភាពនិងសុខុមាលភាពសាធារណៈ ស្របតាមពាក្យស្លោក «មិនទុកឲ្យប្រជាជនណាម្នាក់ មិនបានទទួលបានការថែទាំសុខភាពឡើយ»។
សម្តេចធិបតីបន្តថា រាជរដ្ឋាភិបាលមានជំនឿជាក់ថា ជាមួយនឹងដាក់សម្ពោធដាក់ឲ្យប្រើប្រាស់ មន្ទីរពេទ្យជាតិ តេជោសន្តិភាពនេះ ពលរដ្ឋ កម្ពុជានឹងទទួលបានសេវាសុខាភិបាលប្រកបដោយគុណភាព ក៏ដូចជាគាំពារសុខុមាលភាពមួយល្អ។
សម្តេចបញ្ជាក់ទៀតថា «ពេទ្យនេះ គឺជាមន្ទីពេទ្យមួយធំជាងនៅកម្ពុជាដែលមានគ្រែជិត១ម៉ឺនគ្រែ ។ ហេតុអ្វីបានយើងធ្វើ ពេទ្យធំនៅទីនេះ គឺចក្ខុវិស័យរបស់សម្តេចតេជោ បានបញ្ជាក់ថា កន្លែងនេះគឺជាមូលដ្ឋានសម្រាប់ដោះស្រាយបញ្ហាចំពោះមុខ ក៏ដូចជាត្រៀមលក្ខខណៈជាយុទ្ធសាស្ត្រ» ។
សម្តេចធិបតីថា ការបង្កើតមន្ទីពេទ្យនៅទីនេះ គឺជាលក្ខខណ្ឌយុទ្ធសាស្ត្រទី១ ដើម្បីដោះស្រាយបញ្ហាចំពោះមុខក្នុង ការផ្តល់សេវាសុខាភិបាលពហុព្យាបាលទាំងពលរដ្ឋក្នុងរាជធានីភ្នំពេញ និងប្រជាពលរដ្ឋមកពីបណ្តាខេត្តនានា៕