ព័ត៌មានជាតិ

លោក​ ឃួង​ ស្រេង​ ស្នើអូស្ត្រាលី វិនិយោគលើសេវាដឹកជញ្ជូននៅភ្នំពេញ

រូបភាពពី៖​ រដ្ឋបាលរាជធានីភ្នំពេញ

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ សំណូមពរឲ្យអូស្ត្រាលី ពិនិត្យលទ្ធភាព ដើម្បីវិនិយោគលើសេវាដឹកជញ្ជូនសាធារណៈ នៅរាជធានីភ្នំពេញ ខណៈកំណើនប្រជាពលរដ្ឋ នៅរាជធានីភ្នំពេញ ចេះតែកើនឡើងប្រឈមការកកស្ទះចរាចរណ៍។

ការសំណូមពររបស់លោក ឃួង ស្រេង ធ្វើឡើង នារសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣នេះ
ក្នុងជំនួបពិភាក្សាការងារជាមួយ លោកចាស្ទីន វ៉ាយអេត (Justin Whyatt) ឯកអគ្គរាជទូត វិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសអូស្ត្រាលី ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅសាលារាជធានីភ្នំពេញ។

ក្នុងឱកាសនោះ លោកឃួង ស្រេង បានលើកឡើងថារាជធានីភ្នំពេញ បានឆ្លងកាត់នូវសង្គ្រាមយ៉ាងច្រើន ពិសេសនៅក្នុងរបបប៉ុលពត កម្ពុជា បានធ្លាក់ដល់ចំណុចសូន្យតែក្រោយឆ្នាំ១៩៧៩ ក្រោមការដឹកនាំរបស់សម្ដេចតេជោហ៊ុន សែន ក្រៅពីរំដោះប្រទេសពីរបបប៉ុល ពតហើយនោះ នូវបានអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យមានភាពរីកចម្រើនថែមទៀត ដែលគិតមកពេលនេះ រាជធានីភ្នំពេញ មានប្រជាពលរដ្ឋស្នាក់នៅ និងចេញចូលរកស៊ី ប្រមាណជា៣លាននាក់ មានរថយន្តប្រមាណ៧៥ម៉ឺនគ្រឿង និងម៉ូតូជាង២លាន២សែនគ្រឿង ពោលគឺចំនួនមនុស្សនិងយានយន្ត សឹងតែស្មើគ្នាទៅហើយ កត្តានេះហើយដែលធ្វើឲ្យរាជធានី ប្រឈមទៅនឹងការកកស្ទះចរាចរណ៍រាល់ថ្ងៃ។

លោកអភិបាលរាជធានី បន្តថា ទោះបីជាយ៉ាងណាក្តីរដ្ឋបាលរាជធានីភ្នំពេញ បានប្រឹងប្រែងដោះស្រាយជាបន្តបន្ទាប់ ដោយបានកសាង ស្ពានអាកាស និងស្ពានឆ្លងទន្លេជាដើម។ ជាក់ស្តែង កាលម្សិលមិញនេះ រដ្ឋបាលរាជធានីភ្នំពេញ បានបើកឲ្យដំណើរការស្ពានឆ្លងកាត់ទន្លេ កោះពេជ្រ-កោះនរា ឱ្យធ្វើចរាចរផ្លូវទាំងសងខាង ដែលអាចដោះស្រាយចរាចរណ៍ បានមួយកម្រិតថែមទៀត។ ប៉ុន្តែទោះបីជាយ៉ាងក្តីរដ្ឋបាលរាជធានីភ្នំពេញ ក៏នៅតែគិតគូរពីបញ្ហាការប្រឈមទាំងនេះ ។

លោកឃួង ស្រេង បញ្ជាក់ថា ក្រៅពីប្រឈមនឹងបញ្ហាចរាចរណ៍ រាជធានីភ្នំពេញ ក៏ប្រឈមទៅនឹងបញ្ហាប្រព័ន្ធលូប្រឡាយផងដែរ ដែលបញ្ហានេះ សម្ដេច​ ហ៊ុន ម៉ាណែត យកចិត្តទុកដាក់ណាស់ ដោយធ្វើយ៉ាងណា ឲ្យរាជធានីភ្នំពេញ លែងលិចលង់ ក្នុងរយៈពេល៤ឆ្នាំទៀត។
លោកចាស្ទីន វ៉ាយអេត (Justin Whyatt) បានលើកឡើងថា កាលពីឆ្នាំ២០០១ លោកបានមកបំពេញការងារនៅភ្នំពេញ តែ២០ឆ្នាំចុងក្រោយនេះ ពេលលោកមកដល់ភ្នំពេញម្តងទៀត ឃើញថា ភ្នំពេញពិតជាមានការអភិវឌ្ឍន៍រីកចម្រើនលឿនខ្លាំង នេះគឺជាជោគជ័យមួយរបស់រាជធានីភ្នំពេញ ដែលធ្វើឲ្យប្រជាពលរដ្ឋ នៅតាម ខេត្តសម្រុកចូលមករកស៊ី នៅរាជធានីភ្នំពេញ ដែលធ្វើឲ្យប្រឈមទៅនឹងការកកស្ទះចរាចរណ៍ និងបញ្ហាទឹកស្អាតថែមទៀត ។

លោកចាស្ទីន វ៉ាយអេត បានបន្តទៀតថា ទំនាក់ទំនងរវាងកម្ពុជានិងអូស្ត្រាលី បានស្វែងរកសេដ្ឋកិច្ចជាច្រើន ពិសេសលើវិស័យកសិកម្ម ដោយបានកៀរគរ អ្នកវិនិយោគអូស្ត្រាលី មកវិនិយោគលើវិស័យនេះជាច្រើន។ ទំនាក់ទំនង រវាងកម្ពុជានិងអូស្ត្រាលី ទទួលបានផ្លែផ្កាកាន់តែល្អ ទាំងខាងសេដ្ឋកិច្ច កសិកម្ម នគរបាល ការពារជាតិនិងសន្តិសុខជាដើម៕

To Top