យូអិន៖ អគ្គលេខាធិការអង្គការ សហប្រជាជាតិ លោក Antonio Guterres បានឲ្យដឹងថា ការការពារជនស៊ីវិល មានសារៈសំខាន់បំផុត នៅក្នុងជម្លោះប្រដាប់អាវុធណាមួយ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ ។
ប្រមុខអង្គការសហប្រជាជាតិ បានប្រាប់ក្រុមប្រឹក្សាសន្តិសុខ បើកកិច្ចពិភាក្សា ស្តីពីជម្លោះដែលកំពុងបន្តរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីនថា “ការការពារជនស៊ីវិល មិនអាចមានន័យថា ការប្រើពួកវាជាខែលការពារមនុស្សនោះទេ”។
លោកបន្ដថា “ការការពារជនស៊ីវិលមិនមែនមានន័យថា បញ្ជាឱ្យមនុស្សជាង ១លាននាក់ ជម្លៀសទៅភាគខាងត្បូង ដែលគ្មានទីជម្រក គ្មានអាហារ គ្មានទឹក គ្មានថ្នាំ និងគ្មានប្រេងឥន្ធនៈ ហើយបន្ទាប់មកបន្តទម្លាក់គ្រាប់ បែកនៅភាគខាងត្បូងខ្លួនឯង” ។
លោក Guterres បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះ “ការរំលោភយ៉ាងច្បាស់លាស់ នៃច្បាប់មនុស្សធម៌អន្តរជាតិ ដែលយើងកំពុងធ្វើជាសាក្សី នៅតំបន់ហ្គាហ្សា” ។
លោកបានបន្ថែមថា “ខ្ញុំសូមបញ្ជាក់ឲ្យច្បាស់ថា គ្មានភាគីជម្លោះប្រដាប់អាវុធណាមួយស្ថិតនៅពីលើច្បាប់មនុស្សធម៌អន្តរជាតិឡើយ”។
ប្រមុខអង្គការសហប្រជាជាតិ បានបញ្ជាក់បន្ថែមថា ស្ថានការណ៍ “កាន់តែអាក្រក់ទៅៗ ពីមួយម៉ោងទៅមួយថ្ងៃ” ដោយបានអំពាវនាវជាថ្មី ឱ្យមានការឈប់បាញ់ មនុស្សធម៌ជាបន្ទាន់៕
ប្រែសម្រួល ឈូក បូរ៉ា