ព័ត៌មានជាតិ

សម្ដេចតេជោ ផ្សំផ្គុំឲ្យ ឌី ពេជ្រ និងហ៊ិន ច័ន្ទនីរ័ត្ន ចូលរោងការចុងឆ្នាំនេះ

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣នេះ បានសម្រេចចូលរួមផ្សំផ្គុំឲ្យលោក ឌី ពេជ្រ និងតារាសម្ដែងល្បីឈ្មោះ កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន ចូលរោងការតាមប្រពៃណី នាថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ ខាងមុខនេះ ។

ក្រៅពីការប្រកាសរបស់សម្តេចថា គូស្នេហ៍ទាំង២ចូលរោងពរជ័យហើយ សម្តេចក៏បន្តថា នាថ្ងៃស្អែកឪពុក-ម្តាយខាងកូនប្រុសនឹងចូលស្តីដណ្តឹង ហ៊ិន ច័ន្ទនីរ័ត្នផងដែរ ។

តាមរយៈតេឡេក្រាមផ្លូវការ សម្ដេចតេជោបញ្ជាក់ថា ដើម្បីជៀសវាងមាត់ចាបមាត់ព្រាប ដូចពាក្យចាស់លោកពោលថា មាត់វែងជាងផ្លូវជុំវិញកូនប្រុស ឌី ពេជ្រ និងកូនស្រី ហ៊ិន ចន្ធ័នីរត្ឋ័។ ក្នុងឋានៈជាឪពុកធំកូន ពេជ្រ សម្តេចត្រូវតែចូលរួមរៀបចំឲ្យកូនទាំងពីរ បានចូលរោងការតាមប្រពៃណី ។

សម្ដេចតេជោបន្ថែមថា «ថ្ងៃស្អែក២៧ តុលា ២០២៣ ឪពុកម្តាយខាងប្រុសចូលស្តីដណ្តឹងកូនស្រី។ ថ្ងៃ២២ ខែធ្នូ ២០២៣ កំណត់ជាថ្ងៃរៀបការដែលគ្រួសារ ទាំងសងខាង និងសាមីខ្លួនបានយល់ស្របតាមខ្ញុំ ដែលជាអាចារ្យធំរៀបចំពេលវេលាបែបនេះ។ ឈាមច្បាស់ជាខាប់ជាងទឹក”។

សម្តេចបង្ហាញក្តីសង្ឃឹមថា នឹងពុំមានអ្នកធ្វើអត្ថាធិប្បាយណាយកទៅ បកស្រាយផ្សេងពីនេះទៀតឡើយ ជុំវិញគូស្នេហ៍ទាំង២នាក់នេះ ៕

To Top