ហ្សឺណែវ៖ ប្រភពពីទីភ្នាក់ងារ AFP បានផ្សព្វផ្សាយនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ថា អង្គការសុខភាពពិភពលោក ហៅកាត់ថា (WHO) កាលពីថ្ងៃពុធបានអំពាវនាវឱ្យក្រុមហាម៉ាស់ ផ្តល់ភស្តុតាងនៃការចាប់ចំណាប់ខ្មាំង ដែលខ្លួនកំពុងឃុំឃាំង និងសុំឲ្យធ្វើការដោះលែងពួកគេទាំងអស់ ដោយហេតុផលប៉ះពាល់ដល់សុខភាព ។
WHO បានឲ្យដឹងថា គណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC) គួរតែត្រូវបានអនុញ្ញាតឱ្យ ទទួលបានការព្យាបាលភ្លាមៗ ដើម្បីបញ្ជាក់ពីស្ថានភាពសុខភាពរបស់ពួកគេ ខណៈដែលខ្លួនត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់ឱ្យ ICRC នូវជំនួយផ្នែកសុខភាពណាមួយដែលត្រូវការ សម្រាប់ចំណាប់ខ្មាំងទំាងនោះ ។
ក្រុមមន្ត្រីបានបញ្ជាក់ថា អ៊ីស្រាអ៊ែល បានទម្លាក់គ្រាប់បែកចាប់តាំងពីថ្ងៃទី៧ ខែតុលា នៅគ្រាដែលខ្មាន់កាំភ្លើងក្រុមហាម៉ាសបានបាញ់រះឆ្លងព្រំដែន ដោយបានសម្លាប់មនុស្សអស់ប្រមាណ១.៤០០នាក់ ដែលភាគច្រើនជាជនស៊ីវិល និងចំនួន២២២ នាក់ទៀតត្រូវបានចាប់ជំរិតនៅក្នុងការវាយប្រហារ ដ៏អាក្រក់បំផុតក្នុងប្រវត្តិសាស្ត្ររបស់អ៊ីស្រាអ៊ែល ។
គិតមកដល់ពេលនេះ ពលរដ្ឋប៉ាឡេស្ទីនលើសពី ៦.៥០០នាក់ ត្រូវបានសម្លាប់ ដែលភាគច្រើនជាជនស៊ីវិល ហើយមានការភ័យខ្លាចថា ចំនួនអ្នកស្លាប់អាចកើនឡើងបន្ថែមទៀត ប្រសិនបើអ៊ីស្រាអ៊ែល បន្តធ្វើការវាយលុកតាមផ្លូវគោកដែលគេរំពឹងថា ជាគោលបំណងដើម្បីកម្ទេចក្រុមហាម៉ាស់ និងរំដោះចំណាប់ខ្មាំងមកវិញ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា