ព័ត៌មានជាតិ

ស្ពានអាកាស ច្រមុះជ្រូកក្បាលថ្នល់ គ្រោងបញ្ចប់ការសាងសង់ មុនផែនការ

រូបភាព៖ រដ្ឋបាលរាជធានីភ្នំពេញ

ភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ស្ពានអាកាសព្រះមុនីវង្ស ប្រសព្វរវាងមហាវិថីព្រះមុនីវង្ស មហាវិថីសម្តេចតេជោ ហ៊ុន សែន និង មហាវិថីកងយោធពលខេមរភូមិន្ទ (ផ្លូវ២៧១) (ច្រមុះជ្រូកក្បាលថ្នល់) ដែលកំពុងសាងសង់ យ៉ាងសស្រាក់សស្រាំ នឹងបញ្ចប់ការសាងសង់ មុនផែនការប្រមាណ៤ខែ ។

យោងតាមការលើកឡើង តាមបណ្តាញតេឡេក្រាម នាថ្ងៃទី២៧ តុលានេះ លោក ឃួង ស្រេង បញ្ជាក់ថា “ក្រោមការដឹកនាំ របស់រាជរដ្ឋាភិបាល ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីសមិទ្ធផលស្ពានបេតុង ខ្សែកាបតភ្ជាប់ កោះពេជ្រ-កោះនរា បានដាក់ឱ្យប្រើប្រាស់ ស្ពានអាកាសព្រះមុនីវង្ស ប្រសព្វរវាងមហាវិថីព្រះមុនីវង្ស មហាវិថីសម្តេចតេជោ ហ៊ុន សែន និង មហាវិថីយោធពលខេមរភូមិន្ទ (ផ្លូវ២៧១) ដែលកំពុងសាងសង់យ៉ាង សស្រាក់សស្រាំ ក៏គ្រោងនឹងបញ្ចប់ការសាងសង់ មុនផែនការប្រមាណ ០៤ខែផងដែរ ពោលគឺ ជំហានទី១ នឹងបញ្ចប់មុនចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំ២០២៤ (ក្នុងគម្រោងខែសីហា ២០២៤) និង ជំហានទី២ នឹងបញ្ចប់មុនចូលឆ្នាំប្រពៃណីជាតិ ឆ្នាំ២០២៥ (ក្នុងគម្រោងខែសីហា ឆ្នាំ២០២៥)” ។

ជាមួយគ្នានេះ លោក អភិបាលរាជធានីភ្នំពេញ សូមអធ្យាស្រ័យ និងការយោគយល់ពីសំណាក់​ បងប្អូនប្រជាពលរដ្ឋធ្វើចរាចរណ៍ឆ្លងកាត់ ដែលអាចបង្កការរំខាន ពីការដ្ឋានសំណង់កំពុងសាងសង់៕

To Top