ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានសម្រេចប្រគល់ភារកិច្ចជូនទីស្តីការគណៈរដ្ឋមន្ត្រី សហការជាមួយក្រសួងយុត្តិធម៌ ក្នុងការរៀបចំនីតិវិធីបន្ត ដើម្បីបញ្ជូនសេចក្តីព្រាងព្រះរាជក្រឹត្យ ស្តីពីការបង្កើត ការរៀបចំ និងកិច្ចដំណើរការរបស់អាជ្ញាធរជាតិ ដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ទូលថ្វាយ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីទ្រង់ពិនិត្យ និងឡាយព្រះហស្ថលេខាប្រកាស ឲ្យប្រើទុកជាការប្រញាប់។
យោងតាមសេចក្ដីប្រកាសព័ត៌មាន ស្ដីពី លទ្ធផល នៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ដ្រី នាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ បានឲ្យដឹងថា ក្នុងដំណើរការពិនិត្យ និងពិភាក្សា សេចក្តីព្រាងព្រះរាជក្រឹត្យនេះដែរ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា យន្តការនេះមិនមែនជាការជំនួសប្រព័ន្ធតុលាការទេ ប៉ុន្តែជាជម្រើសបន្ថែម និងដោយស្ម័គ្រចិត្តជូនប្រជាពលរដ្ឋ ពុំមាន ការបង្ខិតបង្ខំ ដើម្បីនាំមកនូវសុខដុមនីយកម្មក្នុងសង្គមខ្មែរ។
សម្ដេចធិបតី ក៏បានសង្កត់ធ្ងន់លើសារសំខាន់នៃការ ធ្វើយុទ្ធនាការផ្សព្វផ្សាយជូនប្រជាពលរដ្ឋ ដើម្បីឱ្យពួកគាត់យល់ច្បាស់អំពីយន្តការថ្មីនេះ និងបានសម្រេចប្រគល់ភារ កិច្ចជូនទីស្តីការគណៈរដ្ឋមន្ត្រី សហការជាមួយក្រសួងយុត្តិធម៌ ក្នុងការរៀបចំនីតិវិធីបន្តដើម្បីបញ្ជូន សេចក្តីព្រាងព្រះ រាជក្រឹត្យ ស្តីពី ការបង្កើត ការរៀបចំ និងកិច្ចដំណើរការរបស់អាជ្ញាធរជាតិ ដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ទូលថ្វាយ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដើម្បីទ្រង់ពិនិត្យ និងឡាយព្រះហស្ថលេខា ប្រកាសឱ្យប្រើទុកជាការប្រញាប់។
ក្នុងសេចក្តីថ្លែងហេតុជូនកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានគូសបញ្ជាក់ថា ព្រះរាជក្រឹត្យ នេះ នឹងក្លាយជាក្របខណ្ឌគតិយុត្តមួយ ដ៏សំខាន់សម្រាប់ពង្រឹង និងលើកកម្ពស់ ប្រសិទ្ធភាព នៃការសម្រុះសម្រួលដោះស្រាយបញ្ចប់វិវាទរបស់ប្រជាពលរដ្ឋ ជាពិសេសវិវាទនៅមូលដ្ឋានឲ្យបានកាន់ត ឆាប់រហ័ស និងប្រកបដោយជំនឿចិត្ត៕