ព័ត៌មានជាតិ

កម្ពុជា អំពាវនាវសហគមន៍អន្ដរជាតិ ជំរុញឲ្យមានកិច្ចសន្ទនារវាង ប៉ាឡេស្ទីន និងអ៊ីស្រាអែល

ភ្នំពេញ៖ លោកស្រី អ៊ាត សោភា តំណាងអចិន្ដ្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ បានអំពាវនាវដល់សហគមន៍អន្ដរជាតិ រួបរួមគ្នាក្នុងស្មារតីនៃសាមគ្គីភាព ដើម្បីជំរុញឲ្យមានកិច្ចសន្ទនា និងចរចាប្រកបដោយអត្ថន័យរវាង ប៉ាលេស្ទីន និងអ៊ីស្រាអែល នាំទៅរកសន្ដិភាពដ៏ត្រឹមត្រូវ និងយូរអង្វែង។

តាមរយៈសេចក្តីថ្លែងការណ៍ក្នុងកិច្ចប្រជុំពិសេសបន្ទាន់ នៃមហាសន្និបាតអង្គការសហប្រជាជាតិ ស្តីពីជម្លោះប៉ាលេស្ទីន និងអ៊ីស្រាអែល នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ លោកស្រី អ៊ាត សោភា បានសម្តែងនូវមរណទុក្ខចំពោះការបាត់បង់ជីវិតប្រជាជនស្លូតត្រង់ជាច្រើន រួម ទាំងជនជាតិខ្មែរម្នាក់ ចាប់តាំងពីថ្ងៃទី៧ខែតុលា រហូតមកដល់បច្ចុប្បន្ន និងមុនពេលនេះផងដែរ ទាំង នៅក្នុងរដ្ឋប៉ាលេស្ទីន និងរដ្ឋអ៊ីស្រាអែល ។ ជម្លោះប៉ាឡេស្ទីន-អ៊ីស្រាអែល គឺជាបញ្ហាដ៏ស្មុគស្មាញ និងផុយស្រួយបំផុត។

លោកស្រី បញ្ជាក់ថា កម្ពុជាថ្កោលទោសរាល់អំពើភេរវកម្ម និងអំពើហឹង្សាលើជនស៊ីវិលស្លូតត្រង់ ដោយមិនគិតពីពូជសាសន៍ វប្បធម៌ ឬសាសនាអ្វីឡើយ។ លោកស្រី ថា «យើងមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការកើនឡើងនៃអំពើហិង្សា ទុក្ខវេទនា និងការបាត់បង់ជីវិតមនុស្សស្លូតត្រង់-ស្ត្រី កុមារ ទារក និងចាស់ជរា នៅលើទឹកដីនៃជម្លោះ បច្ចុប្បន្ន»។

លោកស្រី បន្ថែមថា ការស្អប់ខ្ពើម និងការសងសឹក នឹងនាំទៅរកវដ្តថ្មីមួយទៀតនៃការស្អប់ខ្ពើម និងការសងសឹក។ សង្គ្រាម មិនអាចបញ្ចប់សង្គ្រាម និងនាំមកនូវសន្តិភាពយូរអង្វែង ក៏ដូចជាការរួមរស់ជាមួយគ្នាប្រកបដោយភាព សុខដុមបាននោះទេ។ លើសពីនេះ ជំរុញឲ្យមានការដោះលែងជនស៊ីវិលទាំងអស់ ដែលត្រូវបានចាប់ជា ចំណាប់ខ្មាំង។ អំពាវនាវឲ្យភាគីទាំងអស់ ចៀសវាងការវាយប្រហារតម្រង់ទៅលើជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ព្រមទាំងអនុញ្ញាតការបើកច្រក ដោយគ្មានឧបសគ្គសម្រាប់ផ្ដល់ជំនួយ មនុស្សធម៌សំខាន់ៗដូចជា អាហារ ទឹក និងថ្នាំពេទ្យ ដល់ប្រជាជនដែលត្រូវការជំនួយ ស្របតាមច្បាប់ មនុស្សធម៌អន្តរជាតិ។

លោកស្រី តំណាងអចិន្ដ្រៃយ៍កម្ពុជា បញ្ជាក់ថា «យើងខ្ញុំសូមអំពាវនាវដល់សហគមន៍អន្តរជាតិ ឲ្យរួបរួមគ្នាក្នុងស្មារតីនៃសាមគ្គីភាព និងស្មោះស្ម័គ ពិតប្រាកដ ដើម្បីជំរុញឲ្យមានកិច្ចសន្ទនា និងការចរចាប្រកបដោយអត្ថន័យ នាំទៅរកសន្តិភាពដ៏ត្រឹម ត្រូវ និងយូរអង្វែង»៕

To Top