ព័ត៌មានជាតិ

សម្ដេចធិបតី ៖ ដោះគ្រាប់មីន១គ្រាប់ ស្មើជួយសង្រ្គោះជីវិតម្នាក់

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះប្រតិបត្តិករកំចាត់មីនទាំងអស់ដែលបានលះបង់កម្លាំងកាយចិត្ត ធ្វើឲ្យដីមានគ្រោះថ្នាក់ ក្លាយជាទីលានសុវត្ថិភាព អាចធ្វើកសិកម្ម និងអភិវឌ្ឍន៍បាន។

ក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ “អគាររដ្ឋបាលថ្មីខេត្តកំពង់ស្ពឺ និងប្រកាសខេត្តនេះ ជាខេត្តអស់មីន” នាព្រឹកថ្ងៃ៣០ តុលា សម្តេចធិបតី គូសបញ្ជាក់ថា «បេសកកម្មរបស់បងប្អូន(អ្នកជំនាញដោះមីន) ពិតជាគួរឲ្យគោរព គ្រាប់មីន១គ្រាប់ដែលបងប្អូនបានដោះស្មើជួយសង្រ្គោះអាយុជីវិតរបស់ បងប្អូនប្រជាពលរដ្ឋបានម្នាក់»។

សូមបញ្ជាក់ថា គោលដៅ “កម្ពុជាគ្មានមីនឆ្នាំ២០២៥” បាននិងកំពុងមានវឌ្ឍនភាពយ៉ាងល្អប្រសើរ ឆ្ពោះទៅរកគោលដៅដែលបានរំពឹងទុកពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ហើយខេត្តកំពង់ស្ពឺ គឺជាខេត្តទី១៣ ដែលអស់មីនទាំងស្រុងបន្ទាប់ពីរាជធានី-ខេត្តទាំង១២ផ្សេងទៀត រួមមាន ៖ ស្ទឹងត្រែង កែប ព្រៃវែង រាជធានីភ្នំពេញ ព្រះសីហនុ ត្បូងឃ្មុំ កំពង់ចាម ស្វាយរៀង កំពង់ឆ្នាំង កណ្តាល តាកែវ និងកំពត។ ផ្លែផ្កានៃសមិទ្ធផលនេះ គឺជាកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ពិសេសអាជ្ញាធរមីន ដែលបានយកចិត្តទុកដាក់ខ្ពស់លើកិច្ចការដ៏សំខាន់នេះ ក្នុងគោលបំណងជាក់លាក់មួយគឺ “កម្ពុជានឹងគ្មានជនណាម្នាក់ ឬប្រជាពលរដ្ឋខ្មែរណាម្នាក់ បន្តរងគ្រោះថ្នាក់ដោយសារ គ្រាប់មីនក្រោយឆ្នាំ២០២៥ ទៀតឡើយ” ៕

To Top