ព័ត៌មានអន្តរជាតិ

អង្គសន្និបាតអង្គការសហប្រជាជាតិ បោះឆ្នោតឲ្យហ្គាហ្សា “មានបទឈប់បាញ់មនុស្សធម៌”

Kyodo

យូអិន៖ មហាសន្និបាតអង្គការសហប្រជាជាតិ បានអនុម័តសេចក្តីសម្រេចមួយកាលពីថ្ងៃសុក្រដោយអំពាវនាវឱ្យមាន “បទឈប់បាញ់មនុស្សធម៌” ដើម្បីផ្តល់ការផ្គត់ផ្គង់សំខាន់ៗដល់តំបន់ហ្គាហ្សាស្ទ្រីប ដែលត្រូវបានបំផ្លិចបំផ្លាញដោយការវាយប្រហាររបស់អ៊ីស្រាអែលប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស ។

សមាជិកសរុបចំនួន ១២១ ក្នុងចំណោម ១៩៣ បានគាំទ្រដំណោះស្រាយនេះ ដោយសហរដ្ឋអាមេរិក អ៊ីស្រាអែល និង ១២ប្រទេសផ្សេងទៀតបានជំទាស់ ហើយប្រទេសចំនួន ៤៤ រួមទាំងប្រទេសជប៉ុន បានអនុប្បវាទ។

យោធា​អ៊ីស្រាអែល​បាន​ផ្តល់​សញ្ញា​នៅ​ថ្ងៃ​ដដែល​ថា ខ្លួន​កាន់តែ​កៀក​នឹង​ការ​ចាប់ផ្តើម​ប្រតិបត្តិការ​ជើងគោក​ពេញលេញ​នៅ​តំបន់​ហ្កាហ្សា ដើម្បី​កម្ទេច​ក្រុម​ហាម៉ាស នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។

ដំណោះស្រាយនេះបានថ្កោលទោស “រាល់អំពើហឹង្សា ដែលសំដៅលើជនស៊ីវិលប៉ាឡេស្ទីន និងអ៊ីស្រាអែល រួមទាំងរាល់អំពើភេរវកម្ម និងការវាយប្រហារដោយមិនរើសអើង និងបានសម្តែងនូវការព្រួយបារម្ភយ៉ាងខ្លាំង” អំពីស្ថានការណ៍មនុស្សធម៌ដ៏មហន្តរាយនៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប។

វាបានលើកឡើងពីអ្នកដែលត្រូវបានចាប់ខ្លួនដោយក្រុមហាម៉ាស បន្ទាប់ពីការវាយប្រហាររបស់ខ្លួនកាលពីថ្ងៃទី០៧ ខែតុលា ប៉ុន្តែមិនបានបញ្ចេញឈ្មោះក្រុមនោះទេ ដោយគ្រាន់តែអំពាវនាវឱ្យ “ដោះលែងជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌនៃជនស៊ីវិលទាំងអស់ ដែលកំពុងត្រូវបានឃុំឃាំងដោយខុសច្បាប់”។

លោកស្រី Linda Thomas-Greenfield ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំស្ថាប័នពិភពលោកបានឲ្យដឹងនៅក្នុងសុន្ទរកថារបស់លោកស្រីនៅឯសន្និបាតថា “ពាក្យគន្លឹះពីរត្រូវបានបាត់នៅក្នុងដំណោះស្រាយនៅ ចំពោះមុខយើង ទី​មួយ​គឺ​ក្រុម​ហាម៉ាស​ និង​មួយ​ទៀត​ជា​ចំណាប់ខ្មាំង”៕

ប្រែសម្រួល ឈូក បូរ៉ា

To Top