ព័ត៌មានជាតិ

លោក ហ៊ុន ម៉ាណែត ចូលរួម សម្ពោធក្រុមហ៊ុន ធានារ៉ាប់រងអាយុជីវិត ទីតាន ស្តូន ឡៃហ៍

ភ្នំពេញ ៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ក្នុងពិធីបើកសម្ពោធជាផ្លូវការ ក្រុមហ៊ុនធានារ៉ាប់រង អាយុជីវិត ទីតាន ស្តូន ឡៃហ៍ (Titan Stone Life Insurance PLC), ភ្នំពេញ ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២០ ។

លោកឧត្តមសេនីយ៍ សូមអបអរសាទរជាមួយថ្នាក់ដឹកនាំ និងនិយោជិត គ្រប់ជាន់ថ្នាក់ របស់ក្រុមហ៊ុន Titan Stone Group ក្នុងការបន្តពង្រីកវិសាលភាព វិនិយោគលើវិស័យនានា នៅក្នុងប្រទេសកម្ពុជា និងឈានដល់ការបើកសម្ពោធ ជាផ្លូវការ ក្រុមហ៊ុនធានារ៉ាប់រង អាយុជីវិត ទីតាន ស្តូន ឡៃហ៍ (Titan Stone Life Insurance PLC) ដែលជាគម្រោងទី៣ បន្ទាប់ពីភាពជោគជ័យ នៃដំណើរការគម្រោងទី១ Picasso City Garden និងគម្រោងទី២ KY iCenter។ ទាំងនេះ គឺកើតឡើងពីការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និង និយោជិតគ្រប់ជាន់ថ្នាក់របស់ក្រុមហ៊ុន ហើយក៏បានឆ្លុះបញ្ចាំងឱ្យឃើញ អំពីសក្តានុពលទីផ្សារ និងការជឿទុកចិត្ត របស់វិនិយោគិនជាតិ និងអន្តរជាតិ ចំពោះស្ថិរភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ច នៅក្នុងប្រទេសកម្ពុជា ។

លោក ម៉ាណែត បន្ថែមថា សព្វថ្ងៃនេះ វិស័យធានារ៉ាប់រង ក្នុងរយៈកាលជិត១០ឆ្នាំចុងក្រោយនេះ មានសន្ទុះរីកចម្រើន និងបោះជំហានទៅមុខដោយភាពរឹងមាំ ដោយចំនួនប្រតិបត្តិករ មានការកើនឡើងជាបន្តបន្ទាប់ជាច្រើន ក្នុងនោះរួមមានទាំងក្រុមហ៊ុនធានា រ៉ាប់រងធំៗកម្រិតអន្តរជាតិជាច្រើន ក៏បានមកវិនិយោគនៅក្នុងប្រទេសកម្ពុជាផងដែរ។ នេះសបញ្ជាក់ឲ្យឃើញថា កម្រិតជីវភាព និងចំណេះដឹងក្នុងការថែទាំសុខភាពអាយុជីវិត របស់ប្រជាពលរដ្ឋកម្ពុជា កាន់តែមានការរីកចម្រើនលឿន ហើយជាមួយនឹងលទ្ធភាពនេះ ពួកគាត់ក៏ចាប់ផ្តើមមានផែនការគិតគូរវែងឆ្ងាយ ដើម្បីបង្ការហានិភ័យ ក្នុងពេលអនាគតរបស់ខ្លួន និងរបស់សមាជិក ក្រុមគ្រួសារពួកគាត់។

មិនតែប៉ុណ្ណោះ លោក កត់សម្គាល់ផងដែរថា វឌ្ឍនភាពនេះកើតចេញពីកិច្ចខិតខំប្រឹងប្រែងរួមគ្នា ប្រកបដោយថាមពល នៃគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ទាំងរាជរដ្ឋាភិបាល វិស័យឯកជន និងប្រជាពលរដ្ឋទាំងអស់ ក្រោមបរិយាកាសអំណោយផល នៃសុខសន្តិភាព ស្ថិរភាព ហើយក៏ជាសក្ខីកម្មបង្ហាញយ៉ាងច្បាស់ផងដែរ អំពីទំនុកចិត្តរបស់វិនិយោគិនជាតិ និងអន្តរជាតិ ចំពោះបរិយាកាសអាជីវកម្ម និងវិនិយោគនៅកម្ពុជា ជាពិសេសចីរភាព នៃកំណើនសេដ្ឋកិច្ចដ៏រឹងមាំ និងសូមអរគុណវិនិយោគិនទាំងអស់ ដែលបានជ្រើសរើសកម្ពុជាជាគោលដៅវិនិយោគ សម្រាប់អាជីវកម្មរបស់ខ្លួន ហើយសូមបន្តធ្វើការបណ្ដាក់ទុនវិនិយោគបន្ថែមទៀត ដើម្បីទទួលនូវប្រយោជន៍អតិបរមាពីសន្តិភាព, ស្ថិរភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ចដែលកម្ពុជាកំពុងតែមាន ទៅតាមសមត្ថភាព និងគំនិតច្នៃប្រឌិតរៀងៗខ្លួន។

លោកបន្តថា រាជរដ្ឋាភិបាលកម្ពុជា តែងបានចាត់ទុកការវិនិយោគ និងធុរកិច្ចក្នុងវិស័យឯកជន ជាក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ច និងជាដៃគូដ៏ពិតប្រាកដ ក្នុងការអភិវឌ្ឍប្រទេស។ វឌ្ឍនភាពនៃវិស័យឯកជន ជាវឌ្ឍនភាពរួមរបស់ប្រទេសជាតិ។ ដើម្បីដោះស្រាយនូវបញ្ហាប្រឈម និងកង្វល់ៗធំរបស់វិស័យឯកជន ក៏ដូចជាដើម្បីជំរុញសក្តានុពលចីរភាពនៃកំណើន, និងភាពធនមាំសម្រាប់ដំណើរការរយៈពេលវែងខាងមុខរបស់កម្ពុជា រាជរដ្ឋាភិបាល បានដាក់ចេញនូវគោល នយោបាយ និងវិធានការថ្មីៗជាច្រើន សំដៅកាត់បន្ថយបន្ទុក ចំណាយរបស់វិស័យឯកជន រួមចំណែកពង្រឹងភាពប្រកួតប្រជែង និងធ្វើឱ្យបរិយាកាសវិនិយោគធុរកិច្ច នៅកម្ពុជាកាន់តែមានភាពទាក់ទាញ ៕

To Top