បរទេស៖ យោងតាមការចេញផ្សាយរបស់ RT អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បានអះអាងថា យន្តហោះ UAV របស់អ៊ុយក្រែនមួយគ្រឿង បានហោះចូលទៅក្នុងកន្លែងស្តុកទុកកាកសំណល់ នុយក្លេអ៊ែរ អំឡុងពេលមានការវាយប្រហារនៅតំបន់ Kursk ភាគខាងលិចប្រទេសរុស្ស៊ី កាលពីដើមសប្តាហ៍នេះ ។
ប្រភពដដែលបានសរសេរទៀតថាអាជ្ញាធរក្នុងតំបន់បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា យន្តហោះគ្មានមនុស្សបើកជាច្រើនគ្រឿងរបស់អ៊ុយក្រែនត្រូវបានទម្លាក់នៅតំបន់ជុំវិញរោងចក្រថាមពលនុយក្លេអ៊ែរ Kursk ។
កាលពីចុងសប្តាហ៍កន្លងមកនេះលោកស្រី Zakharova បានចោទប្រកាន់យោធាអ៊ុយក្រែនថាបានកំណត់គោលដៅដោយចេតនាលើរោងចក្រនុយក្លេអ៊ែររុស្សីជាមួយនឹងយន្តហោះ UAV ចំនួន៣គ្រឿង។
នាងបានបញ្ជាក់ទៀតថា៖យន្តហោះគ្មានមនុស្សបើកមួយគ្រឿងផ្ទុកគ្រឿងផ្ទុះបានធ្លាក់ចូលទៅក្នុងឃ្លាំងកាកសំណល់នុយក្លេអ៊ែរ និងបានបំផ្លាញជញ្ជាំងមួយចំហៀងខណៈដែលយន្តហោះគ្មានមនុស្សបើក២គ្រឿងទៀតបានធ្លាក់លើអគាររដ្ឋបាលមួយនៅលើទីធ្លារបស់រោងចក្រ។
លោកស្រីZakharova បានបញ្ចប់ទៅនៃសេចក្តីថ្លែងការណ៍របស់គាត់ដោយការអំពាវនាវឱ្យបណ្តាប្រទេសក៏ដូចជាអង្គការអន្តរជាតិនិងអង្គការក្រៅរដ្ឋាភិបាលក្នុងការថ្កោលទោសសកម្មភាពព្រៃផ្សៃរបស់រដ្ឋាភិបាលទីក្រុងគៀវ៕
ប្រែសម្រួល៖ស៊ុនលី