ភ្នំពេញ៖ កម្ពុជានិងហ្វីលីពីន បានឯកភាពបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ សន្តិសុខសង្គមដើម្បីពង្រឹងប្រសិទ្ធភាពបន្ថែមទៀតសម្រាប់ឧត្តមប្រយោជន៍ប្រជាពលរដ្ឋក្នុងភាពជាដៃគូក្នុងនាមប្រទេសសមាជិកតំបន់អាស៊ានជាមួយគ្នា។
ភាគីទាំងពីរ បានលើកឡើងយ៉ាងដូច្នេះនៅក្នុងជំនួបរវាងលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោកស្រី Maria Amelita C. Aquino ឯកអគ្គរដ្ឋទូតសាធារណរដ្ឋហ្វីលីពីនប្រចាំនៅកម្ពុជានៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនារសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣។
ក្នុងកិច្ចពិភាក្សានោះ ភាគីទាំងពីរ ក៏បានលើកឡើងពីវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការលើកិច្ចការពារសិទ្ធិពលរដ្ឋក្នុងវិស័យការងារ។ ត្រង់ចំណុចនេះ លោកស្រីឯកអគ្គរដ្ឋទូតហ្វីលីពីន បានអរគុណរដ្ឋាភិបាលកម្ពុជាដែលបានជួយមើលថែពលរដ្ឋហ្វីលីពីនដែលកំពុងធ្វើការនៅកម្ពុជាដោយគ្មានការរើសអើង។ ក្រៅពីនេះ វឌ្ឍនភាពនៃកិច្ចសហការលើវិស័យសន្តិសុខសង្គម ក៏ជាប្រធានបទដែលភាគីទាំងពីរបានជជែកគ្នាយ៉ាងផុលផុសផងដែរ។
ជាមួយគ្នានោះ សមភាគីទាំងពីរ បានសន្យាបន្តពង្រឹងកិច្ចសហការដែលមានស្រាប់នេះដើម្បីជួយលើកកម្ពស់ប្រសិទ្ធភាពលើវិស័យសន្តិសុខសង្គមឱ្យកាន់តែប្រសើរបន្ថែមទៀត។
ចុងបញ្ចប់នៃជំនួប លោករដ្ឋមន្ត្រី លោកស្រីទូតហ្វីលីពីន បានឯកភាពគ្នាក្នុងការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាលវិជ្ជាជីវៈបន្ថែមលើកិច្ចសហការដែលមានស្រាប់៕