សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា បានប្រារព្ធ “មហាសន្និបាតប្រចាំឆ្នាំ ២០២៣ (2023 NATIONAL CONVENTION)” កាលពីថ្ងៃអាទិត្យ ទី២៩ ខែតុលា ឆ្នាំ២០២៣ នៅ GIA Tower នាពេលព្រឹកសម្រាប់ សមាជប្រចាំឆ្នាំ (General Assembly) និងនៅសណ្ឋាគារ Fairfield by Marriot នាពេលល្ងាចសម្រាប់ រាត្រីស្រមោលស (Gala Night)។ កម្មវិធីដ៏ធំមួយនេះ បានរៀបចំធ្វើឡើងដោយ សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា សាខាទួលគោក (JCI Toul Kork)។
មហាសន្និបាតប្រចាំឆ្នាំ ២០២៣ នេះបានប្រព្រឹត្តិទៅក្រោមអធិបតីភាព ឯកឧត្ដម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ កម្មវិធីនេះប្រារព្ធធ្វើឡើងក្នុងគោលបំណងដើម្បីបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាភិបាលថ្នាក់ជាតិ និងថ្នាក់តំបន់, ការសង្ខេបរបាយការណ៍សមិទ្ធផលប្រចាំឆ្នាំ, ការជួបជុំសមាជិក និងសមាជិកា, កម្មវិធីប្រគល់ពានរង្វាន់ និងការទំនាក់ទំនងពាណិជ្ជកម្ម ដែលមានការចូលរួមពីសភាយុវពាណិជ្ជករថ្នាក់អន្តរជាតិ និងសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជាថ្នាក់ជាតិ និងថ្នាក់តំបន់។
គួរឱ្យចាប់អារម្មណ៍ផងដែរ សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា នឹងជាម្ចាស់ផ្ទះដើម្បីប្រារព្ធ “មហាសន្និបាតតំបន់អាស៊ីប៉ាស៊ីហ្វិចប្រចាំឆ្នាំ ២០២៤ (2024 JCI Asia-Pacific Conference (ASPAC)” ដែលជាសន្និបាតថ្នាក់អន្តរជាតិ និងជាកិត្តិយសដ៏អស្ចារ្យ ក្នុងការផ្សារភ្ជាប់ទំនាក់ទំនង ចំណងមិត្តភាពជាមួយប្រទេសនៅក្នុងតំបន់ និងជុំវិញពិភពលោក។ តាមរយៈមហាសន្និបាតនេះ នឹងបង្ហាញពីរសជាតិនៃវប្បធម៌ដ៏រុងរឿងរបស់កម្ពុជា ប្រពៃណី ចម្រៀង របាំ និងការដាក់តាំងម្ហូបអាហារជាច្រើន ដើម្បីទាក់ទាញភ្ញៀវអន្តរជាតិ ឲ្យមកស្គាល់កម្ពុជា ព្រមទាំងសក្តានុពលទេសចរណ៍ និងឱកាសក្នុងការវិនិយោគនៅក្នុងប្រទេសផងដែរ។