ភ្នំពេញ ៖ កងកម្លាំងជំនាញ បានធ្វើការឃាត់ខ្លួន លោកវរសេនីយ៍ឯក ទិត្យ វណ្ណៈ មេបញ្ជាការរងកងរាជអាវុធហត្ថលេខេត្តកំពង់ស្ពឺ លោកវរសេនីយ៍ត្រី យស ឌីណា មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកភ្នំស្រួច និងមន្ត្រីកងរាជអាវុធហត្ថចំនួន៤រូបទៀត ក្រោយរកឃើញពួកគាត់ ជាប់ពាក់ព័ន្ធទទួលផល ពីបទល្មើសគ្រឿងញៀន។
បើតាមសេចក្តីប្រកាសព័ត៌មាន របស់ឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសនាថ្ងៃ២៩ តុលា បានឲ្យដឹងថា មូលហេតុឈានដល់ការឃាត់ខ្លួននេះ ដោយសារកាលពីថ្ងៃ២៦ តុលា កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានធ្វើការបង្ក្រាបបទល្មើសគ្រឿងញៀន និងបានធ្វើការស្រាវជ្រាវ បន្តរកឃើញបុគ្គល ពាក់ព័ន្ធមួយចំនួន។ កម្លាំងជំនាញ ក៏បានធ្វើការពន្លាត ដែនសមត្ថកិច្ចដល់ខេត្តកំពង់ស្ពឺ តាមនីតិវិធី ។
លោកថា លុះមកដល់ថ្ងៃ២៧-២៩ តុលា កម្លាំងមន្ត្រីនគរបាលយុត្តិធម៌ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានស្តាប់ចម្លើយបុគ្គលពាក់ព័ន្ធ នឹងបទល្មើសចំនួន៦រូប ដែលជានាយទាហានជាន់ខ្ពស់ នៃកងរាជអាវុធហត្ថ ខេត្តកំពង់ស្ពឺ។
លោកបន្តថា “តាមការសារភាព បុគ្គលទាំង៦រូប អាចពាក់ព័ន្ធនឹងករណី ទទួលផលពីបទល្មើស គ្រឿងញៀន”។
អ្នកនាំពាក្យ កងរាជអាវុធហត្ថ លើផ្ទៃប្រទេសបានឲ្យដឹងទៀតថា តាមលទ្ធផលនៃការធ្វើតេស្តសារធាតុញៀន បុគ្គលសង្ស័យទាំង៦រូបនេះ ពុំមានផ្ទុកសារធាតុញៀន នោះទេ។ បន្ទាប់ពីមិនឃើញសារធាតុញៀនក្នុងខ្លួន មន្ត្រីនគរបាលយុត្តិធម៌ ក៏បន្តកសាងនីតិវិធីបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ និងការគោរពនូវប្បញ្ញត្តិ “ការសម្ងាត់នៃការស៊ើបអង្កេត”។
ក្រោមការដឹកនាំ របស់លោកនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បុគ្គលដែលសង្ស័យពាក់ព័ន្ធនឹងបទល្មើស ត្រូវតែអនុវត្តតាមច្បាប់ បញ្ជូនទៅតុលាការ គឺដោយប្រកាន់ខ្ជាប់ខ្ជួននូវទិសស្លោក “ចំពោះប្រទេសត្រូវតែការពារ ចំពោះប្រជាត្រូវតែបម្រើ ច្បាប់ត្រូវតែគោរព បទល្មើសត្រូវតែបង្ក្រាប”៕