បរទេស៖ កងកម្លាំងសហរដ្ឋអាមេរិកនៅក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរីត្រូវបានវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក ឬគ្រាប់រ៉ុក្កែតយ៉ាងហោចណាស់ ២៤ ដងក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ រួមទាំងការវាយប្រហារយ៉ាងហោចណាស់បីលើកកាលពីថ្ងៃចន្ទ, នេះបើយោងតាមមន្ត្រីការពារជាតិអាមេរិក។
យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងថា យ៉ាងហោចណាស់ ការវាយប្រហារចំនួន ៥ ត្រូវបានចាប់ផ្តើមបន្ទាប់ ពីកងកម្លាំង អាមេរិកបានវាយប្រហារទីតាំងចំនួន ២ នៅក្នុងប្រទេសស៊ីរីភាគខាងកើត ដែលប្រើប្រាស់ដោយ កងឆ្មាំបដិវត្តន៍ អ៊ីស្លាមរបស់អ៊ីរ៉ង់ និងក្រុមពាក់ព័ន្ធក្នុងអំឡុង ពេលព្រឹកព្រលឹមនៃថ្ងៃសុក្រ ។ យោងតាមមន្ត្រីការពារជាតិបាននិយាយថា គ្មានការវាយប្រហារណាមួយ ដែលបានធ្វើឡើងចាប់តាំងពីការវាយប្រហារសងសឹក របស់សហរដ្ឋអាមេរិក កាលពីថ្ងៃសុក្របានបណ្តាលឱ្យមានអ្នកស្លាប់ ឬការខូចខាតនោះទេ។
មន្ត្រីការពារជាតិម្នាក់បានប្រាប់ VOA ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា ការវាយប្រហារចុងក្រោយបំផុត កាលពីថ្ងៃចន្ទបានប្រើប្រាស់គ្រាប់រ៉ុក្កែត ជាច្រើនគ្រាប់សំដៅទៅលើមូលដ្ឋានទ័ពអាកាស al-Asad នៅភាគខាងលិច ប្រទេសអ៊ីរ៉ាក់។
ការវាយប្រហារដោយ គ្រាប់រ៉ុក្កែតច្រើនគ្រាប់ផ្សេងទៀត ត្រូវបានចាប់ផ្តើមប្រឆាំងនឹង កងកម្លាំងនៅភូមិបៃតង និងកន្លែងគាំទ្របេសកកម្ម Support Site Euphrates ក្នុងប្រទេសស៊ីរី។
កាលពីថ្ងៃអាទិត្យ មានយន្តហោះគ្មានមនុស្សបើកវាយប្រហារ មួយគ្រឿងត្រូវបានប្រើប្រឆាំង នឹងកងកម្លាំងសហរដ្ឋអាមេរិកនៅឯមូលដ្ឋានក្បែរ al-Shaddadi នៅភាគឦសានប្រទេសស៊ីរី ហើយកាលពីថ្ងៃព្រហស្បតិ៍ យន្តហោះគ្មានមនុស្សបើកវាយប្រហារមួយ ផ្សេងទៀតបានកំណត់គោលដៅ របស់សហរដ្ឋអាមេរិក និងកងកម្លាំងចម្រុះនៅឯមូលដ្ឋានទ័ពអាកាស al-Asad ក្នុងប្រទេសអ៊ីរ៉ាក់។ នេះបើយោងតាមមន្ត្រីអាមេរិក៕
ប្រែសម្រួលៈ ណៃ តុលា