ព័ត៌មានជាតិ

នាយករដ្ឋមន្រ្តីកម្ពុជា រិះគន់ឥរិយាបថ ប្រធានាធិបតី មុងហ្គោលី ដែលដាក់ខ្លួនឯង និងសហការីដាច់ ដោយឡែក ១៤ថ្ងៃ ក្រោយទស្សនកិច្ចនៅចិន

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានធ្វើការរិះគន់ឥរិយាបថ ប្រធានាធិបតីមុងហ្គោលី ដែលដាក់ខ្លួនឯង និងសហការីដាច់ដោយឡែក ១៤ថ្ងៃក្រោយបញ្ចប់ ដំណើរទស្សនកិច្ចនៅចិន នាពេលថ្មីៗនេះ ពីព្រោះខ្លាចឆ្លងជំងឺប្រភេទថ្មី ដោយសារវីរុសកូរ៉ូណា (COVID-19) ។

ក្នុងពិធី ប្រគល់សញ្ញាបត្រជូននិស្សិត សាកលវិទ្យាល័យ អាស៊ីអឺរ៉ុបជាង១ពាន់នាក់ នៅទី២ ខែមីនា ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «ប្រធានាធិបតីមុងហ្គោលី ទស្សនកិច្ចនៅប្រទេសចិនអាទិត្យកន្លងទៅ ត្រឡប់ពីប្រទេសចិន ទៅវិញ ឥឡូវកំពុងដាក់ខ្លួនឯង១៤ថ្ងៃ ទាំងប្រធានាធិបតី ទាំងអ្នកអមដំណើរ។ប៉ុន្ដែខ្ញុំ ករុណាខ្ញុំ មិនធ្វើបែបនេះ ហើយនេះជាការបញ្ជូនសារ នៃភ័យខ្លាចសម្រាប់ប្រជាពលរដ្ឋទៅវិញទេ» ។

សម្ដេចបន្ដថា រឿងបែបនេះជារឿង ប្រធានាធិបតីមុងហ្គោលីទេ ។ ប៉ុន្ដែសម្ដេចមិនធ្វើបែបនេះឡើយ ហើយសម្ដេចត្រឡប់ពីប្រទេសចិនមកវិញ គឺធ្វើការធម្មតា ។បន្ទាប់មកទៀត សម្ដេច ទៅទទួលភ្ញៀវទេសចរអន្ដរជាតិ នៅក្រុងព្រះសីហនុជាង១០០ នាក់ ក្រោយមកសម្ដេច ធ្វើការងារ និងនៅរស់ជាមួយគ្រួសារ ជាធម្មតាដោយគ្មានភាពភ័យខ្លាចអ្វីឡើយ ។

សម្ដេចតេជោបន្ថែមថា អ្នកដែលត្រូវភ័យខ្លាចជំងឺកូវីដ១៩ជាងគេ ត្រូវតែរូបសម្ដេច ព្រោះសម្ដេចទទួលជួបភ្ញៀវបរទេស ជាបន្តបន្ទាប់ដោយលើកពេល ឬលុបចោលសោះឡើយ ។
ចំពោះជំងឺវីរុសកូរ៉ូណា (COVID-19) សម្ដេចតេជោ ហ៊ុន សែន អំពាវនាវឲ្យពលរដ្ឋខ្មែរ ត្រូវមានការប្រុងប្រយ័ត្ន ខណៈប្រជាជនកម្ពុជា មិនមានឆ្លងជំងឺនេះឡើយ ៕

ដោយ៖ អេង ប៊ូឆេង

To Top