ភ្នំពេញ៖ ព្រះករុណា ព្រះបាទសមេ្តចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នាព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២០នេះ ព្រះអង្គសព្វព្រះរាជហឫទ័យយាងសួរសុខទុក្ខ និងប្រោសព្រះរាជទាន ព្រះរាជអំណោយដល់ប្រជារាស្រ្តជាកសិករ ប្រកបរបរធ្វើស្រែប្រមាណ ៦២០គ្រួសារ ស្ថិតនៅភូមិស្រម៉ ឃុំត្រពាំងស្រែ ស្រុកមេសាង ខេត្តព្រៃវែង ។ នេះបើយោងតាម AKP ។
នៅក្នុងឱកាសដ៏វិសេសវិសាលនោះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានមានព្រះរាជបន្ទូលទៅកាន់លោកយាយ លោកតា និងប្រជារាស្រ្តជាកូន ជាចៅ ដោយព្រះអង្គបានសម្ដែងនូវ ព្រះរាជហឫទ័យសប្បាយរីករាយ ដោយបានជួបលោកតា លោកយាយ និងប្រជារាស្រ្តជាកូន ជាចៅរបស់ព្រះអង្គ ជាពិសេសព្រះអង្គបានទត និងជួបផ្ទាល់ជាមួយប្រជារាស្រ្តជាកសិករ ព្រមទាំងមានព្រះរាជបន្ទូលពី ព្រះរាជបណ្តាំសាកសួរសុខទុក្ខ ពីសំណាក់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ សម្តេចម៉ែ សម្តេចយាយ សមេ្តចយាយទួត ប្រគេនព្រះសង្ឃ ជូនប្រជារាស្ត្រ ជាកូន ជាចៅ ចៅទូត ចៅលូតរបស់ព្រះអង្គ ដែលព្រះអង្គតែងតែយក ព្រះរាជហឫទ័យទុកដាក់ពីសុខទុក្ខ និងការលំបាក ក៏ដូចជាការរស់នៅរបស់ ប្រជារាស្ត្រគ្រប់ពេលវេលា។
បន្ទាប់ពីព្រះរាជបន្ទូលសំណេះសំណាលរួចមក ព្រះមហាក្សត្រ បានសព្វព្រះរាជហឫទ័យ ស្តេចយាងប្រោសព្រះរាជទាន នូវព្រះរាជអំណោយដោយផ្ទាល់ ព្រះហស្តរបស់ព្រះអង្គ និងយាងជួបសំណេះសំណាល និងទតដោយផ្ទាល់ព្រះភក្ត្ររបស់ព្រះអង្គ ចំពោះគ្រួសារប្រជាកសិករចំនួន ៣គ្រួសារ ដល់ក្នុងលំនៅឋាន ព្រមទាំងប្រោសព្រះរាជទានព្រះរាជ អំណោយដល់គ្រួសារទាំង៣ នោះផងដែរ ។
ក្នុងព្រះរាជពិធីនេះដែរ ព្រះមហាក្សត្រ ក៏បានប្រោសព្រះរាជទានព្រះរាជអំណោយដល់លោកគ្រូ អ្នកគ្រូ ចំនួន ៨នាក់ និងក្រុមគ្រូពេទ្យចំនួន ៩នាក់ ដោយក្នុងម្នាក់ៗទទួលបាន ឃីត ១កញ្ចប់ (មានមុង១ ភួយ១ សារុង១ និងក្រមា១) អាវយឺតចំនួន១ ដែលមានស្លាកព្រះរាជអំណោយព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និង ថវិកា ១០ម៉ឺនរៀល។ ដោយឡែកសម្រាប់សិស្សា នុសិស្សចំនួនជាង ៤០០នាក់ ទទួលបានអាហារពេលព្រឹក មួយពេលសម្រាប់ទទួលទាន មាន៖ ទឹកបរិសុទ្ធ១ដប ទឹកក្រូច១កំប៉ុង មីចាន២ នំប៉ាវ១ នំផ្អែម១កញ្ចប់ ផ្លែប៉ោម១ផ្លែ ព្រមទាំង សម្លៀកបំពាក់មួយសម្រាប់ អាវយឺតមានស្លាកព្រះរាជអំណោយព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ចំនួន១ ថវិកា៥.០០០រៀល និងសម្ភារសិក្សាមួយចំនួនផងដែរ ។
ព្រះករុណា ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ប្រកបដោយទឹកព្រះទ័យសប្បាយរីករាយ និងអាណិតស្រឡាញ់ជាទីបំផុត ព្រះអង្គបានសព្វព្រះរាជហឫទ័យ ស្តេចយាងប្រោសព្រះរាជទាន នូវព្រះរាជអំណោយដោយផ្ទាល់ ព្រះហស្តរបស់ព្រះអង្គ ដល់ប្រជារាស្រ្តជាកសិករទាំង ៦២០គ្រួសារ ដោយក្នុងមួយគ្រួសារៗទទួលបាន អង្ករ ៥០គីឡូក្រាម ឃីត ១កញ្ចប់ (មានមុង១ ភួយ១ សារុង១ និងក្រមា១) មី ១កេស ត្រីខ ១០កំប៉ុង កន្ទេល១(១,៧៥ម. x ១,៨០ម.) ស្បែកជើងផ្ទាត់១គូ អាវយឺតចំនួន១ ដែលមានស្លាកព្រះរាជអំណោយ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និង ថវិកា ១០ម៉ឺនរៀល ៕