ព័ត៌មានអន្តរជាតិ

Update៖ មនុស្សជាង ១ម៉ឺននាក់ បានស្លាប់​ក្នុងសង្គ្រាម អ៊ីស្រាអែល និងក្រុមហាម៉ាស ខណៈ​ការវាយប្រហារ លើតំបន់ហ្គាហ្សា នៅតែបន្ត

Kyodo

យេរ៉ូសាឡឹម ៖ ចំនួនអ្នកស្លាប់ដែលកើតចេញពីការប៉ះទង្គិចគ្នារវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស បានកើនឡើងដល់ជាង ១ម៉ឺននាក់ហើយ​ ដោយមិនមានសញ្ញាណាមួយ នៃការថយចុះ នៅក្នុងការវាយប្រហារ របស់អ៊ីស្រាអែល ប្រឆាំងនឹងតំបន់ហ្គាហ្សាស្ទ្រីប ដែលគ្រប់គ្រង ដោយក្រុមហាម៉ាស ចាប់តាំងពីសង្រ្គាម បានចាប់ផ្តើមកាលពីខែមុន ។

អាជ្ញាធរសុខាភិបាលហ្គាហ្សា បានឲ្យដឹងថាចំនួនអ្នកស្លាប់ នៅក្នុងឡោមព័ទ្ធប៉ាឡេស្ទីន ដែលបានឡោមព័ទ្ធ បានកើនឡើងដល់ ៨,៧៩៦ នាក់ ខណៈដែលភាគីអ៊ីស្រាអែល ត្រូវបានគេមើលឃើញថា មានមនុស្សជាង ១,៤០០ នាក់ត្រូវបានសម្លាប់ ។

ទន្ទឹមនឹងនេះដែរ មនុស្សរាប់សិបនាក់មកពីតំបន់ហ្គាហ្សា បានមកដល់ប្រទេសអេហ្ស៊ីប តាមច្រក Rafah កាលពីថ្ងៃពុធ ដោយ​ថា វាហាក់ដូចជាជាលើកដំបូង ដែលអ្នកកាន់លិខិតឆ្លងដែនបរទេសត្រូវបានអនុញ្ញាតឱ្យចាកចេញពីហ្គាហ្សា ចាប់តាំងពីសង្រ្គាមបានចាប់ផ្តើម បន្ទាប់ពីការវាយប្រហារ ដ៏គួរឱ្យភ្ញាក់ផ្អើល កាលពីថ្ងៃទី០៧ ខែតុលា ដោយក្រុមហាម៉ាស លើប្រជាជាតិជ្វីហ្វ ។

ទីភ្នាក់ងារសារព័ត៌មាន Reuters បានឲ្យដឹង ដោយដកស្រង់ ប្រភពពីប្រទេសមួយចំនួនថា នៅក្រោមកិច្ចព្រមព្រៀង មួយរវាងប្រទេសអេហ្ស៊ីប អ៊ីស្រាអែល និងក្រុមហាម៉ាស មានមនុស្សរង របួសប្រហែល ៨០នាក់ និងបញ្ជីឈ្មោះដំបូង នៃអ្នកកាន់លិខិតឆ្លងដែន បរទេសចំនួន ៥០០ នាក់ ត្រូវបានគេរំពឹងថា នឹងត្រូវបានអនុញ្ញាត ឱ្យចាកចេញពីតំបន់ហ្គាហ្សា ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។

អ្នកជម្លៀសត្រូវបានគេរាយការណ៍ថា រួមមានពលរដ្ឋជប៉ុន ៥នាក់ ដូចជាអ្នកដែលធ្វើការឱ្យអង្គការសហប្រជាជាតិ ក៏ដូចជាក្រុមជំនួយ Medecins Sans Frontieres ដែលត្រូវបានគេស្គាល់ដោយឈ្មោះភាសាអង់គ្លេសរបស់ខ្លួនថា វេជ្ជបណ្ឌិតគ្មានព្រំដែន។

នាយករដ្ឋមន្ត្រី អ៊ីស្រាអែល លោក បេនចាមី ណេតាន់យ៉ាហ៊ូ បានឲ្យដឹង កាលពីថ្ងៃសៅរ៍សប្ដាហ៍មុនថា យោធារបស់ប្រទេស លោក បានចាប់ផ្តើម “ដំណាក់កាលទីពីរ នៃសង្រ្គាម” ប្រឆាំងនឹងក្រុមហាម៉ាស់ ដោយពង្រីកប្រតិបត្តិការ ជើងគោកនៅតំបន់ហ្គាហ្សា ដោយប្តេជ្ញាថា នឹងជួយសង្គ្រោះចំណាប់ខ្មាំងជាង ២០០នាក់ ដែលកាន់កាប់ដោយក្រុមសកម្ម ប្រយុទ្ធអ៊ីស្លាមមួយនេះ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top