កង់បេរ៉ា៖ របាយការណ៍របស់រដ្ឋាភិបាលបានរកឃើញថា ការកើនឡើងនៃភាពធ្ងន់ធ្ងរ និងអាំងតង់ស៊ីតេនៃរលកកំដៅ កំពុងជំរុញឱ្យមានការកើនឡើងនៃចំនួនប្រជាជនអូស្ត្រាលី ដែលសម្រាកនៅមន្ទីរពេទ្យ ដោយសារតែអាកាសធាតុខ្លាំង។
យោងតាមរបាយការណ៍ ដែលត្រូវបានបោះពុម្ពផ្សាយដោយវិទ្យាស្ថានសុខភាព និងសុខុមាលភាពអូស្ត្រាលី (AIHW) នៅថ្ងៃព្រហស្បតិ៍នេះ ចំនួនប្រជាជនអូស្ត្រាលី បានចូលមន្ទីរពេទ្យ សម្រាប់ការរងរបួស ដែលទាក់ទងនឹងព្រឹត្តិការណ៍អាកាសធាតុធ្ងន់ធ្ងរ ដូចជារលកកំដៅ ភ្លើងឆេះព្រៃ និងព្យុះ បានកើនឡើងក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ។
ប្រភពបានរកឃើញថា រវាងឆ្នាំ២០១២ និង ២០២២ កំដៅខ្លាំងបានបញ្ជូនប្រជាជនអូស្ត្រាលី ទៅមន្ទីរពេទ្យច្រើនជាងលក្ខខណ្ឌបរិស្ថានផ្សេងទៀត នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
ចន្លោះឆ្នាំ២០១២ និង ២០២២ មានមនុស្សចំនួន ៩,១១៩ បានចូលមន្ទីរពេទ្យ សម្រាប់ការរងរបួសនៅក្នុងប្រទេសអូស្ត្រាលី ដោយផ្ទាល់ដែលបណ្តាលមកពីអាកាសធាតុធ្ងន់ធ្ងរ ហើយនៅចន្លោះឆ្នាំ២០១១ និង ២០២១ មានអ្នកស្លាប់ចំនួន ៦៧៧ នាក់។
អ្នកស្រាវជ្រាវ AIHW Heather Swanston បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ថា “ភស្តុតាងបានបង្ហាញថាក្នុងរយៈពេល ៣ទសវត្សរ៍កន្លងមកនេះ មានការកើនឡើងនៃភាពញឹកញាប់ និងភាពធ្ងន់ធ្ងរនៃព្រឹត្តិការណ៍អាកាសធាតុខ្លាំង ដូចជាកំដៅខ្លាំង ភ្លើងឆេះ ត្រជាក់ខ្លាំង ភ្លៀង និងព្រឹត្តិការណ៍ ដែលទាក់ទងនឹងព្យុះ” ។
របាយការណ៍បានរកឃើញថា ការសម្រាកព្យាបាលនៅមន្ទីរពេទ្យ បានកើនឡើងរៀងរាល់ ៣ឆ្នាំម្តង ហើយកើនឡើងជាលំដាប់ពី ១,០២៧នាក់ ក្នុងឆ្នាំ២០១៣-២០១៤ ដល់ ១,០៣៣ នាក់ក្នុងឆ្នាំ២០១៦-២០១៧ និង ១,១០៨ នាក់ក្នុងឆ្នាំ២០១៩-២០២០ ។
របាយការណ៍បានឲ្យដឹងទៀតថា ការប៉ះពាល់នឹងកំដៅធម្មជាតិខ្លាំងពេក គឺជាមូលហេតុទូទៅបំផុតនៃការសម្រាកព្យាបាលនៅមន្ទីរពេទ្យនៅក្នុងរដ្ឋ និងដែនដីទាំងអស់ លើកលែងតែ Tasmania ។ ភាពត្រជាក់ខ្លាំងមានចំនួនតិចជាង ១០ ភាគរយនៃការសម្រាកព្យាបាលនៅមន្ទីរពេទ្យក្នុងរយៈពេល ១០ ឆ្នាំដែលត្រូវបានវិភាគ ប៉ុន្តែច្រើនជាង ៣៥ភាគរយនៃការស្លាប់៕ ប្រែសម្រួល ឈូក បូរ៉ា