ព័ត៌មានជាតិ

សម្តេចធិបតី៖ ការប្រកួតរវាង ដាវ លឺដុឌ និងព្រំ សំណាង គឺរឹតចំណងមិត្តភាពកម្ពុជា-ភូមា លើផ្នែកក្បាច់គុណប្រពៃណី

រូបភាពពី៖​ STPM

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា ការប្រកួតក្បាច់គុណ រវាងកីឡាករ ដាវ លឺដុឌ និងកីឡាករ​ ព្រំ សំណាង គឺជាការបង្ហាញនូវការគោរពគ្នាទៅវិញទៅមក និងជាការចូលរួមចំណែកក្នុងការរឹតចំណងមិត្តភាពរវាងកម្ពុជា-ភូមា លើផ្នែកក្បាច់គុណប្រពៃណីរបស់ប្រទេសទាំងពីរ ។

ការលើកឡើងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ខាងលើនេះ ធ្វើឡើង ក្នុងឱកាសអនុញ្ញាតឱ្យកីឡាករ ដាវ លឺដុឌ (Dave Leduc) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព ។

ក្នុងជំនួបនេះ សម្តេចធិបតី បានស្វាគមន៍វត្តមានរបស់កីឡាករ ដាវ លឺដុឌ និងភរិយា ព្រមទាំងកីឡាករ ព្រំ សំណាង ក៏ដូចជាក្រុមការងារទាំងអស់ និងបានរំឭកអំពីសារឆ្លើយឆ្លង របស់កីឡាករ ដាវ លឺដុឌ ពាក់ព័ន្ធនឹងបំណង ក្នុងការចូលជួបជាមួយសម្តេច ហើយដែលពេលនេះ គឺបានសម្រេចដូចបំណងប្រាថ្នាហើយ ។

ក្នុងនោះសម្តេចធិបតី ក៏សម្តែងនូវការអរគុណចំពោះកីឡាករ ដាវ លឺដុឌ ដែលបានសិក្សាស្វែងយល់ អំពីប្រវត្តិក្បាច់គុណបុរាណខ្មែរ និងបានលើកឡើងបន្ថែមថា ពិតមែនតែប្រទេសនីមួយៗ មានវប្បធម៌ប្រពៃណីផ្សេងៗគ្នា ប៉ុន្តែព្រឹត្តិការណ៍ប្រកួត នៅក្នុងព្រះរាជាណាចក្រកម្ពុជា លើកនេះ គឺជាការបង្ហាញនូវការគោរពគ្នាទៅវិញទៅមក និងជាការចូលរួមចំណែកក្នុងការរឹតចំណងមិត្តភាពរវាងកម្ពុជា-ភូមា លើផ្នែកក្បាច់គុណប្រពៃណីរបស់ប្រទេសទាំងពីរ ហើយមួយវិញទៀត ក៏ជាផ្នែកមួយនៃការលើកកម្ពស់ ការយល់ដឹងអំពីគុនខ្មែរ នៅក្នុងមជ្ឈដ្ឋានជាតិ និងការផ្សព្វផ្សាយ អំពីគុនខ្មែរឱ្យពិភពលោកបានស្គាល់ ។

ទន្ទឹមនឹងនេះ សម្តេចធិបតី ក៏បានគូសបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជា តែងបានជំរុញ និងលើកកម្ពស់វិស័យកីឡា ជាពិសេស សម្តេចតេជោ ដែលតែងយកចិត្តទុកដាក់លើការអភិរក្សក្បាច់គុនខ្មែរ ជាយូរមកហើយ ។ ចំពោះ សម្តេចធិបតី ផ្ទាល់ លោកក៏ជាអ្នកផ្តួចផ្តើម រៀបចំឱ្យមានការសំយោគក្បាច់គុនល្បុក្កតោ, គុនខ្មែរ និងយុទ្ធក្រមខម ឱ្យក្លាយទៅជាក្បាច់គុន កងយោធពលខេមរភូមិន្ទ ដើម្បីឱ្យកងទ័ពរក្សាបាននូវវិន័យ, សុខភាព និងសិល្បៈការពារខ្លួន ក៏ដូចជាការចូលរួមចំណែក អភិរក្សវប្បធម៌ប្រពៃណីជាតិ ដែលជាកេរដំណែលរបស់បុព្វបុរសខ្មែរ បានបន្សល់ទុកសម្រាប់អ្នកជំនាន់ក្រោយ ។

ជាការឆ្លើយតប កីឡាករ ដាវ លឺដុឌ បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានផ្តល់កិត្តិយសឱ្យមានជំនួបសម្តែងការគួរសម នាឱកាសនេះ និងបានបង្ហាញនូវការភ្ញាក់ផ្អើលប្រកបដោយមោទកភាព ចំពោះការរាក់ទាក់ទទួលស្វាគមន៍វត្តមាន របស់លោក ពីសំណាក់ប្រជាជនកម្ពុជា ហើយលោកបានចាត់ទុកថា ប្រទេសកម្ពុជា គឺជាផ្ទះទីពីររបស់លោក ។

បន្ថែមលើនេះ កីឡាករ ដាវ លឺដុឌ ក៏បានបញ្ជាក់ផងដែរថា ការសម្រេចចិត្ត មកប្រកួតនៅក្នុងប្រទេសកម្ពុជាលើកនេះ គឺមិនមានបំណងអ្វីផ្សេងឡើយ ក្រៅតែពីការប្រកួតជាលក្ខណៈមិត្តភាព ដែលនេះ គឺជាព្រឹត្តិការណ៍ដ៏ធំ ជាលក្ខណៈប្រវត្តិសាស្ត្រ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលប្រជាជនកម្ពុជា និងប្រជាជនភូមា រួមទាំងប្រជាជន នៃបណ្តាប្រទេសផ្សេងៗទៀត នៅលើពិភពលោក កំពុងរង់ចាំទស្សនា ៕

To Top