តេអេរ៉ង់៖ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់លោក Nasser Kanaani កាលពីថ្ងៃព្រហស្បតិ៍ បានថ្កោលទោសការវាយប្រហារ តាមអាកាសដ៏ប្រល័យរបស់អ៊ីស្រាអែល ទៅលើជំរុំជនភៀសខ្លួន Bureij នៅតំបន់ហ្គាហ្សាស្ទ្រីប ។
លោក Kanaani បានសរសេរនៅក្នុងសារបង្ហោះនៅលើ X ឲ្យដឹងថា “ការបំផ្លិចបំផ្លាញជំរំជនភៀសខ្លួន Bureij នៅកណ្តាលហ្គាហ្សា ជាលទ្ធផលនៃការវាយប្រហាររបស់អ៊ីស្រាអែល បានបង្ហាញយ៉ាងច្បាស់ពីជម្រៅនៃឧក្រិដ្ឋកម្ម និងការសម្លាប់” ។
លោកបានកត់សម្គាល់ថា ប្រទេស រដ្ឋាភិបាល និងប្រជាជាតិភាគច្រើនបានអំពាវនាវឱ្យ មានបទឈប់បាញ់នៅតំបន់ហ្គាហ្សា និងបញ្ចប់ការវាយប្រហាររបស់អ៊ីស្រាអែល លើប្រជាជន “គ្មានទីការពារ” នៃតំបន់ហ្គាហ្សា” លើកលែងតែរដ្ឋាភិបាលរបស់សហរដ្ឋអាមេរិក និងរដ្ឋមួយចំនួននៅអឺរ៉ុប ដែលមាន តែងតែជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃ ខណៈពេលដែលកំពុងស្រែកពាក្យស្លោកក្លែងក្លាយថា ការពារសិទ្ធិមនុស្ស។
លោក Kanaani បានបន្ថែមថា សហរដ្ឋអាមេរិក និងប្រទេសមួយចំនួននៅអឺរ៉ុប “កំពុងលះបង់សន្តិភាព និងសន្តិសុខអន្តរជាតិ ក៏ដូចជាសិទ្ធិមនុស្ស ដើម្បីផលប្រយោជន៍របស់អ៊ីស្រាអែល”។
អាជ្ញាធរនៅតំបន់ហ្គាហ្សា បានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា មនុស្ស ១៥ នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារ តាមអាកាសរបស់អ៊ីស្រាអែល ទៅលើជំរុំជនភៀសខ្លួន Bureij នៅព្រឹកថ្ងៃដដែល។
ជំរំនេះជាជម្រករបស់ជនភៀសខ្លួនប៉ាឡេស្ទីនប្រហែល ៤៦,០០០ នាក់ដែលបានចុះឈ្មោះជាមួយទីភ្នាក់ងារជំនួយ និងការងាររបស់អង្គការសហប្រជាជាតិ សម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន។
ទីភ្នាក់ងារព័ត៌មានផ្លូវការរបស់ប៉ាឡេស្ទីនរបស់ WAFA បានរាយការណ៍ថា កាលពីថ្ងៃព្រហស្បតិ៍ អ៊ីស្រាអែល បានបន្តការវាយប្រហាររបស់ខ្លួនលើជំរុំជនភៀសខ្លួន Jabalia នៅភាគខាងជើងតំបន់ហ្គាហ្សា សម្រាប់ថ្ងៃទី៣ ជាប់ៗគ្នាដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ២៩នាក់ ។
ជម្លោះរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស បានសម្លាប់ជនជាតិប៉ាឡេស្ទីនជាង ៩០០០នាក់ នៅតំបន់ហ្គាហ្សា និងយ៉ាងហោចណាស់ ១៤០០នាក់ អ៊ីស្រាអែល នេះបើយោងតាមតួលេខផ្លូវការពីភាគីទាំងពីរ ៕
ប្រែសម្រួល ឈូក បូរ៉ា