បរទេស៖ ក្រសួងការពារជាតិ បាននិយាយថា ប្រទេសកូរ៉េខាងជើង បានបាញ់មីស៊ីល រយៈចម្ងាយជិតចំនួន ២ គ្រាប់ ចូលសមុទ្រខាងកើត រវាងកូរ៉េខាងត្បូង និងជប៉ុន កាលពីរសៀលថ្ងៃច័ន្ទ ។
យោងតាមសារព័ត៌មាន The Korea Herald ចេញផ្សាយថ្ងៃទី២ ខែមីនា ឆ្នាំ២០២០ នេះបានឱ្យដឹងថា មីស៊ីលទាំងពីរគ្រាប់នោះបានហោះចម្ងាយប្រមាណ ២៤០ គីឡូម៉ែត្រក្នុងរយៈកម្ពស់ ៣៥ គីឡូម៉ែត្រពីទីក្រុង North Wonan នៃខេត្ត Gangwon របស់កូរ៉េខាងជើង នៅតាមបណ្តោយឆ្នេរ សមុទ្រភាគខាងកើត។
ដោយរង់ចាំការវិភាគបន្ថែមទៀត មីស៊ីលទាំងនោះអាចជាមីស៊ីលផ្លោង ។ នាយសេនាធិការចំរុះកូរ៉េខាងត្បូង បាននិយាយថា ការបាញ់បង្ហោះនេះគឺ ជាផ្នែកបន្ថែមនៃសមយុទ្ធរួមគ្នាប្រចាំឆ្នាំ ដែលក្រុងព្យុងយ៉ាង ធ្វើឡើងនៅថ្ងៃសុក្រ។
ខាងភាគីកូរ៉េខាងត្បូងបាននិយាយថា យើងកំពុងរក្សាការត្រៀមខ្លួននិងឃ្លាំមើលចលនា របស់ក្រុងព្យុងយ៉ាង ក្នុងការរៀបចំសម្រាប់ ការបាញ់បង្ហោះបន្តទៀត។
សូមជម្រាបថា កាលពីថ្ងៃសុក្រមេដឹកនាំ កូរ៉េខាងជើង លោក គីមជុងអ៊ុន បានមកឃ្លាំមើលការធ្វើសមយុទ្ធរួមគ្នា ប្រចាំឆ្នាំនៅឯនាយឆ្នេរភាគខាងកើត ក្បែរទីក្រុងវ៉ុនសាន មួយថ្ងៃបន្ទាប់ពីទីក្រុងសេអ៊ូល និងវ៉ាស៊ីនតោន បានសម្រេចចិត្តបញ្ឈប់សមយុទ្ធយោធារួមគ្នា ប្រចាំឆ្នាំរបស់ពួកគេលើក្តីបារម្ភនៃជំងឺ Covid-19៕
ប្រែសម្រួលៈ ណៃ តុលា