ព័ត៌មានអន្តរជាតិ

លីបង់ អំពាវនាវឲ្យមានបទឈប់បាញ់ ឲ្យបានឆាប់ នៅតំបន់ភាគខាងត្បូង ជាមួយអ៊ីស្រាអែល

រូបភាពពី៖​ XINHUA

ប៉េរ៉ូត៖ រដ្ឋមន្ត្រីការបរទេសលីបង់ លោក Abdallah Bou Habib ​ បានអំពាវនាវឱ្យមានបទឈប់បាញ់ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាននៅភាគខាងត្បូងលីបង់ និងដំណោះស្រាយរយៈពេលវែងនៅតំបន់ហ្គាហ្សាស្ទ្រីប នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោកត្រូវបានដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មានជាតិថា “អ៊ីស្រាអែល ត្រូវតែបញ្ឈប់ម៉ាស៊ីនសង្រ្គាម ហើយយល់ព្រម ចំពោះដំណោះស្រាយនយោបាយដោយផ្អែកលើដំណោះស្រាយរដ្ឋពីរ បន្ទាប់ពីដំណោះស្រាយរបស់អង្គការសហប្រជាជាតិ” ។

លោក Bou Habib បានធ្វើការកត់សម្គាល់ក្នុងអំឡុងពេលកិច្ចប្រជុំរបស់លោកនៅទីក្រុងប៉េរ៉ូត ជាមួយ Deike Potzel បេសកជនពិសេសអាល្លឺម៉ង់ សម្រាប់បញ្ហាមនុស្សធម៌នៅក្នុងតំបន់ជិត និងមជ្ឈិមបូព៌ា។

នៅព្រឹកថ្ងៃដដែល លោក Bou Habib បានជួបប្រជុំជាមួយឯកអគ្គរដ្ឋទូតនៃប្រទេសហុងគ្រី សាធារណរដ្ឋឆែក អូទ្រីស និងប៉ារ៉ាហ្គាយ ក្នុងអំឡុងពេលដែលលោក បានជំរុញឱ្យបណ្តាប្រទេសលោកខាងលិច ដាក់សម្ពាធលើអ៊ីស្រាអែល ឱ្យបញ្ឈប់ការគំរាមកំហែងដោយពាក្យសំដីរបស់ខ្លួនក្នុងការបំផ្លាញប្រទេសលីបង់ និងការវាយប្រហារដោយយោធារបស់ខ្លួន​នៅភាគខាងត្បូងនៃប្រទេស។

ការប្រឈមមុខដាក់គ្នានៅតាមព្រំដែនលីបង់ និងអ៊ីស្រាអែល បានបន្តនៅថ្ងៃព្រហស្បតិ៍ ដោយបានសម្លាប់ពលរដ្ឋលីបង់បីនាក់ និងយុទ្ធជនហេសបូឡាហ៍ ម្នាក់ នេះបើយោងតាមប្រភពស៊ើបការណ៍របស់កងទ័ពលីបង់ ដែលសុំមិនបញ្ចេញឈ្មោះ។

ប្រភពបានប្រាប់កាសែតស៊ិនហួ ថាអ៊ីស្រាអែល បានធ្វើការវាយប្រហារតាមអាកាសចំនួន ១៣ នៅតាមខ្សែបន្ទាត់ព្រំដែន ដោយចាប់ផ្តើមពី Naqoura នៅភាគនិរតីលីបង់ ទៅ Shebaa និង Kfarchouba នៅភាគអាគ្នេយ៍។

ប្រភព​បានឲ្យដឹងទៀត​ថា យោធា​អ៊ីស្រាអែល ​បាន​បាញ់​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ដោយ​កាំភ្លើង​ធំ​ជាង ២២៥ គ្រាប់​នៅ​ជាយ​ក្រុង និង​ក្នុង​ក្រុង​ជាង ៤០ ភាគ​ខាង​ត្បូង។ ជា​លទ្ធផល​ផ្ទះ​ចំនួន ​៧​ខ្នង​ត្រូវ​ភ្លើង​ឆាបឆេះ និង​ខូចខាត​ផ្សេង​ទៀត​។

ទន្ទឹមនឹងនេះ ក្រុមហេសបូឡាហ៍ បានឲ្យដឹងថា យុទ្ធជនរបស់ខ្លួនបានវាយប្រហារទីស្នាក់ការកណ្តាលនៃបន្ទាយអ៊ីស្រាអែល នៅក្នុងកសិដ្ឋានស៊ីបា ដោយយន្តហោះដ្រូនផ្ទុកគ្រឿងផ្ទុះចំនួនពីរ កន្លែងតាំងទីលំនៅរបស់អ៊ីស្រាអែល Al Manara និងគោលដៅអ៊ីស្រាអែល ទល់មុខទីក្រុងហ៊ូឡា ភាគខាងត្បូងនៃប្រទេសលីបង់៕ ប្រែសម្រួល ឈូក បូរ៉ា

To Top