បរទេស៖ យោងតាមការចេញផ្សាយរបស់ The Channel 12 និងត្រូវបានដកស្រង់ដោយ RT បានឲ្យដឹងថាការរៀបចំដំណើរទស្សនកិច្ច របស់លោកប្រធានាធិបតី Vladimir Zelensky ទៅកាន់ប្រទេសអ៊ីស្រាអែល នៅសប្តាហ៍ក្រោយគឺជាការទាញយក អត្ថប្រយោជន៍មួយសម្រាប់អ៊ុយក្រែន។
ប្រភពដដែលបានសរសេរទៀតថា ក្នុងពេលដែលបណ្តាញសារព័ត៌មាន លែងសូវចាប់អារម្មណ៍ជាមួយនឹងអ៊ុយក្រែននោះ គិតចាប់តាំងតែពីពេលដែលសង្គ្រាម រវាងក្រុមហាម៉ាសនិងអ៊ីស្រាអែល បានផ្ទុះឡើងវានឹងធ្វើឲ្យដំណើរទស្សនកិច្ច របស់លោក Zelensky អាចទាក់ទាញចំណាប់អារម្មណ៍ របស់ពួកគេត្រឡប់មកវិញខ្លះ។
បណ្តាញព័ត៌មានជាភាសា Hebrew បាននិយាយថា ដំណើរទស្សនកិច្ចរបស់ Zelensky នឹងបង្ហាញពីអ្វីមួយនៃការរួបរួមគ្នារវាងអ៊ីស្រាអែល អ៊ុយក្រែន អឺរ៉ុប និងសហរដ្ឋអាមេរិក ក្នុងការប្រឆាំងនឹងក្រុមរុស្ស៊ីនិងអ៊ីរ៉ង់ នេះបើយោងតាមរបាយការណ៍ជាភាសាអង់គ្លេសដោយ Times of Israel ។
គួរឲ្យដឹងដែរថា លោក Zelensky អាចនឹងទៅបំពេញទស្សនកិច្ច នៅអ៊ីស្រាអែលភ្លាមៗនៅថ្ងៃចន្ទ ឬថ្ងៃអង្គារសប្តាហ៍ក្រោយហើយដំណើរទស្សនកិច្ចនេះ ត្រូវបានគេមើលឃើញថា បានកើតឡើងនៅក្រោយរយៈពេលបីសប្តាហ៍បន្ទាប់ពី ក្រុងយេរូសាឡឹមខាងលិចបានបដិសេធ សំណើរបស់ប្រធានាធិបតីអ៊ុយក្រែនក្នុងការ ធ្វើទស្សនកិច្ចដោយមន្ត្រីបានរាយការណ៍ប្រាប់គាត់ថា ពេលវេលាមិនទាន់សមស្របនៅឡើយ៕
ប្រែសម្រួល៖ ស៊ុន លី