ព័ត៌មានអន្តរជាតិ

រដ្ឋាភិបាលក្រុងមូស្គូ៖ អាមេរិក កំពុងត្រៀមខ្លួនធ្វើតេស្តនុយក្លេអ៊ែរសាជាថ្មី នៅ Nevada

រូបភាពពី៖​ AFP

បរទេស៖ ក្រសួងការបរទេសរុស្ស៊ី កាលពីថ្ងៃសុក្របានព្រមានសហរដ្ឋអាមេរិក កុំឱ្យបន្តការសាកល្បងអាវុធនុយក្លេអ៊ែរឡើងវិញ បន្ទាប់ពីប្រធានាធិបតី Vladimir Putin បានដកការផ្តល់សច្ចាប័នរបស់ទីក្រុងមូស្គូ លើសន្ធិសញ្ញាហាមប្រាមការសាកល្បងទូលំទូលាយ ឬហៅកាត់ថាCTBTដើម្បីស្តារភាពស្មើគ្នាឡើងវិញ។

យោងតាមការចេញផ្សាយរបស់ RT ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖សហរដ្ឋអាមេរិកត្រូវតែយល់ថា ការធ្វើតេស្ដពេញលេញ ដែលហេដ្ឋារចនាសម្ព័ន្ធក្នុងរដ្ឋ Nevada ត្រូវបានរៀបចំឡើង នឹងបង្ខំឱ្យយើងឆ្លើយតបដាច់ខាតចំពោះសកម្មភាពនេះ។

កាលពីខែមុន រដ្ឋបាលសន្តិសុខនុយក្លេអ៊ែរជាតិNNSAនៃក្រសួងថាមពលសហរដ្ឋអាមេរិក បានធ្វើការបំផ្ទុះនៅក្រោមដីមួយកន្លែងនៅភាគពាយព្យនៃទីក្រុង Las Vegas ដោយមានគោលបំណង កែលម្អការរកឃើញនៃការធ្វើតេស្តនុយក្លេអ៊ែរក្រោមដីរបស់ខ្លួន។
តាមការបញ្ជាក់របស់NNSA បាន​និយាយ​ថា ការ​ផ្ទុះ​នេះ​ជាប់​ពាក់ព័ន្ធ​នឹង​សារធាតុ​ផ្ទុះ​គីមី​ខ្ពស់ និង​ឧបករណ៍​តាមដាន​វិទ្យុសកម្មផងដែរ។

ក្រោយមកនៅថ្ងៃថ្ងៃព្រហស្បតិ៍ ទីក្រុងមូស្គូបានដកការផ្តល់សច្ចាប័នជាផ្លូវការលើ CTBT ដោយកត់សម្គាល់ថាសភាអាមេរិកបានជៀសវាងការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងឆ្នាំ១៩៩៦ អស់រយៈពេលជាង២៥ឆ្នាំមកនេះក្រោមលេសដ៏វែងឆ្ងាយមួយ៕ ប្រែសម្រួល៖ស៊ុនលី

To Top