ព័ត៌មានអន្តរជាតិ

មេដឹកនាំក្រុមហេសបូឡា ប្រកាសថា ក្រុមសកម្មប្រយុទ្ធរបស់ខ្លួន បានចូលប្រយុទ្ធនៅថ្ងៃទី៨តុលា និងប្រយុទ្ធរហូតដល់ក្រុមហាម៉ាសឈ្នះ

រូបភាពពី៖​ AFP

បរទេស៖ មេដឹកនាំក្រុមហេសបូឡា លោក Hassan Nasrallah បាននិយាយកាលពីថ្ងៃសុក្រថា កងកម្លាំងរបស់លោកនឹងបន្តប្រយុទ្ធជាមួយយោធាអ៊ីស្រាអែល រហូតដល់ក្រុមហាម៉ាសទទួលបានជ័យជំនះនៅតំបន់ហ្គាហ្សា។ Nasrallah ក៏បានព្រមានថា ការវាយប្រហារលើប្រទេសលីបង់ នឹងក្លាយជា “កំហុសដ៏ល្ងង់បំផុត” នៅក្នុងប្រវត្តិសាស្ត្រអ៊ីស្រាអែល។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឱ្យដឹងដោយ​ផ្អែកតាមការលើកឡើងរបស់លោក នៅលើទូរទស្សន៍ថា អ្វីដែលកំពុងកើតឡើងនៅហ្គាហ្សាថ្ងៃនេះ មិនមែនគ្រាន់តែជាសង្គ្រាមមួយ ផ្សេងទៀតទេ, វាគឺជាសមរភូមិប្រវត្តិសាស្ត្រដ៏មុតស្រួចជាមួយនឹងលទ្ធផលដែលនឹងផ្លាស់ប្តូរអនាគត។ លោក​បាន​ថ្លែង​ថា គោល​បំណង​របស់​ក្រុម ហេសបូឡា ក្នុង​សមរភូមិ​នេះ គឺ​ដើម្បី «បញ្ឈប់​ការ​ឈ្លានពាន» លើ​តំបន់ហ្គាហ្សា និង​ធានា​ថា ក្រុម ហាម៉ាស «សម្រេច​បាន​ជ័យ​ជម្នះ» ប្រឆាំង​នឹង​អ៊ីស្រាអែល។

សុន្ទរកថារបស់លោក Nasrallah គឺជាលើកទីមួយរបស់លោក ចាប់តាំងពីក្រុមសកម្មប្រយុទ្ធហាម៉ាស់ បានបើកការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលរបស់ពួកគេលើប្រទេសអ៊ីស្រាអែលកាលពីថ្ងៃទី ៧ ខែតុលា។ មេដឹកនាំក្រុមហេសបូឡារូបនេះបាននិយាយថា ក្រុមរបស់លោកមិនពាក់ព័ន្ធនឹងការរៀបចំផែនការវាយប្រហារនោះទេ ប៉ុន្តែបានឆ្លៀតឱកាសដើម្បី “ចូលសមរភូមិ” នៅថ្ងៃបន្ទាប់។

នៅក្នុងថ្ងៃដំបូងនៃសង្រ្គាម ហេសបូឡាបានកំណត់សកម្មភាពរបស់ខ្លួនចំពោះគ្រាប់រ៉ុក្កែត និងអាវុធធុនតូចៗជាបណ្តើរៗ ចូលទៅក្នុងទឹកដីអ៊ីស្រាអែលចេញពីទឹកដីលីបង់, ដោយកងកម្លាំងការពារអ៊ីស្រាអែល (IDF) បានឆ្លើយតបដោយកាំភ្លើងធំ និងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក។ ការប៉ះទង្គិចគ្នាទាំងនេះបានកើនឡើងក្នុងភាពញឹកញាប់ និងខ្លាំងក្នុងរយៈពេលពីរសប្តាហ៍ចុងក្រោយនេះ ហើយកងទ័ព IDF ត្រូវបានគេដាក់ឱ្យមានការប្រុងប្រយ័ត្នខ្ពស់មុនពេលសុន្ទរកថារបស់លោក Nasrallah សម្រាប់ការភ័យខ្លាចថា មេដឹកនាំសកម្មប្រយុទ្ធនឹងប្រកាសប្រតិបត្តិការដ៏ធំមួយប្រឆាំងនឹងរដ្ឋជ្វីហ្វ៕ ប្រែសម្រួលៈ ណៃ តុលា

To Top