កាត់មេនឌូ៖ មន្ត្រីរដ្ឋាភិបាលបាននិយាយកាលពីថ្ងៃសៅរ៍ថា ចំនួនអ្នកស្លាប់ដោយសារការរញ្ជួយដីដ៏ខ្លាំង និងរាក់នៅភាគខាងលិចប្រទេសនេប៉ាល់បានកើនឡើងដល់ ១២៨នាក់ ខណៈដែលប្រតិបត្តិការជួយសង្គ្រោះកំពុងដំណើរការ។
អ្នកនាំពាក្យប៉ូលិសនេប៉ាល់ លោក Kuber Kadayat បានប្រាប់ស៊ីនហួថា គ្រោះរញ្ជួយដីកម្រិត ៦.៤រ៉ិចទ័រ បានវាយប្រហារស្រុក Jajarkot និង Rukum West នៅភាគខាងលិចប្រទេសនេប៉ាល់ នៅម៉ោង ២៣ និង ៤៧នាទីម៉ោងក្នុងស្រុក នៅយប់ថ្ងៃសុក្រ ដោយបានសម្លាប់មនុស្ស ១២៨នាក់នៅក្នុងស្រុក និង ១៤០នាក់ផ្សេងទៀតរងរបួស។
លោកបានលេីកឡេីងថា វាពិបាកសម្រាប់ក្រុមជួយសង្គ្រោះក្នុងការទៅដល់កន្លែងខ្លះ ដោយសារស្ពានត្រូវបានខូចខាត ហើយផ្លូវត្រូវបានបិទដោយការរអិលបាក់ដី ដែលបង្កឡើងដោយការរញ្ជួយដី។
យោងតាមលោក Lok Bijay Adhikari មកពីមជ្ឈមណ្ឌលតាមដាន និងស្រាវជ្រាវគ្រោះរញ្ជួយដីជាតិរបស់ប្រទេសនេប៉ាល់ បានឱ្យដឹងថា ជម្រៅនៃការរញ្ជួយដីស្ថិតនៅចន្លោះពី ១០ទៅ ១៥គីឡូម៉ែត្រ ហើយការរញ្ជួយដីចំនួនបួនបន្ថែមទៀតលើសពីកម្រិត ៤រ៉ិចទ័រត្រូវបានកត់ត្រានៅព្រឹកថ្ងៃសៅរ៍។
លោកបានបន្ថែមថា “ការរញ្ជួយដីនៅតែបន្ត។
រដ្ឋាភិបាលនេប៉ាល់កំពុងផ្តោតលើការជួយសង្គ្រោះ និងព្យាបាលអ្នករបួសក្រោយការរញ្ជួយដី” នេះបេីយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក Narayan Prasad Bhattarai បានប្រាប់កាសែតស៊ិនហួថា”ការសង្គ្រោះ និងការព្យាបាលអ្នករបួស គឺជាអាទិភាពទីមួយ”៕ ប្រែសម្រួល ឈូក បូរ៉ា