ព័ត៌មានជាតិ

សម្តេចធិបតី យល់ឃើញថា ពិភពលោកនឹងកាន់តែសុវត្ថិភាព និងស្រស់បំព្រង បើសិនស្ដ្រី ក្លាយជាអ្នកដឹកនាំកាន់តែច្រើន

រូបភាព៖ DAP News/ ម៉ៅ ដារ៉ាត់

សៀមរាប ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហាញការយល់ឃើញថា ពិភពលោកនឹងកាន់តែមានសុវត្ថិភាព ស្រស់បំព្រង កក់ក្ដៅជាងមុន បើសិនស្ដ្រី ក្លាយជាអ្នកដឹកនាំកាន់តែច្រើន។

នាឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើកមហាសន្និបាត លើកទី៧ មិត្តកាយឫទ្ធិនារីតំបន់អាស៊ីប៉ាស៊ីហ្វិក ក្រោមប្រធានបទ «ស្រមៃមើលឱកាស» ក្នុងខេត្តសៀមរាប នៅព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា «ខ្ញុំ យល់ថា ពិភពលោកនឹងកាន់តែសុវត្ថិភាព ស្រស់បំព្រង កក់ក្ដៅជាងមុន បើសិនស្ដ្រី ក្លាយជាអ្នកដឹកនាំកាន់តែច្រើន ជាមួយនឹងការកៀបសង្កត់ ពីកត្តាផ្សេងៗ ដូចជា កត្តាប្រពៃណី កត្តាសេដ្ឋកិច្ច កត្តាកង្វះការយល់ដឹង ស្ដ្រីរាប់លាននាក់នៅលើពិភពលោក ត្រូវបានរារាំងមិនឱ្យ ទទួលបាននូវឱកាស ក្នុងការអភិវឌ្ឍខ្លួនឯង និងចូលរួមនៅក្នុងសកម្មភាព សង្គម-សេដ្ឋកិច្ច ឱ្យបានពេញលេញ ពេលសក្កានុពលរបស់ខ្លួន»។

សម្ដេចធិបតី បន្ដថា សម្រាប់ សម្ដេច នេះគឺជាការខាត់បង់ដ៏គួរឱ្យសោកស្ដាយជាមូលធនមនុស្ស ដែលកម្លាំងចលករដ៏រឹងមាំ ប្រកបដោយចរីភាព សម្រាប់សង្គមជាតិ ប្រសិនបើពួកគាត់បានឱកាសពេញលេញ។ ដើម្បីឆ្លើយតបទៅនឹងបញ្ហានេះ រាជរដ្ឋាភិបាលកម្ពុជា បានកំណត់សមភាពយេនឌ័រ និងការបង្កើនភាពអង់អាចដល់ស្ដ្រី និងក្មេងស្រី នៅគ្រប់វិស័យជាអាទិភាព នៅក្នុងរបៀបវារៈគោលនយោបាយរបស់ខ្លួន។

សម្ដេចធិបតី បន្ថែមថា តាមរយៈយុទ្ធសាស្ដ្របញ្ចកោណ ដំណាក់កាលទី១ រាជរដ្ឋាភិបាល នឹងពង្រឹងភាពជាពលរដ្ឋក្នុងសង្គម ដែលមានអរីយធម៌ខ្ពស់ ប្រកបដោយសលីធម៌ សមធម៌ និងបរិយាបន្ន ដែលក្នុងនោះ គឺជាស្នូល។ រាជរដ្ឋាភិបាល នឹងជំរុញការចូលរួមរបស់យុវតី ក្នុងការកំណត់ជោគវាសនារបស់ប្រទេសជាតិ ដែលមានសមាគមកាយឫទ្ធិនារីនេះ ជាយុទ្ធការដ៏ចំបង់មួយ។

សម្ដេចធិបតី បន្ថែមទៀតថា រាជរដ្ឋាភិបាល នឹងបង្កើនឱកាសទទួលបានការអប់រំ និងការបណ្ដុះបណ្ដាលវិជ្ជាជីវៈដល់សិស្ស និស្សិត នារី តាមរយៈការបង្កើនអាហារូបករណ៍ តាមកម្មវិធីបំប៉ន នៅគ្រឹះស្ថានសិស្សា ការផ្ដល់កន្លែងស្មាក់នៅ ការធានាសុវត្ថិភាព និងការបង្កើនចំនួនគ្រូបង្រៀនជាស្ដ្រី និងការពារសិទ្ធរបស់ស្ដ្រី ព្រមទាំងបន្ដដំឡើងតួនាទីរបស់ស្ដ្រី ក្នុងការធ្វើសេចក្ដីសម្រេចចិត្តនៅគ្រប់កម្រិតជាដើម។

សម្ដេចធិបតី លើកឡើងថា ការប្ដេជ្ញាចិត្តទាំងនេះ បានបង្ហាញឱ្យឃើញថា រាល់សកម្មភាពរបស់សមាគមកាយឫទ្ធិនារីពិភពលោក ក៏ដូចជា មិត្តកាយឫទ្ធិនារីតំបន់អាស៊ីប៉ាស៊ីហ្វិក បាននិងកំពុងធ្វើ ពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ដ៏ការការអនុវត្តគោលនយោបាយ ថ្នាក់ជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា។ ក្នុងន័យនេះ ក្នុងនាមជា នាយករដ្ឋមន្ដ្រីកម្ពុជា បានប្រកាសគាំទ្រជាថ្មីម្ដងទៀត ចំពោះរាល់សកម្មភាពរបស់ សមាគមកាយឫទ្ធិនារីពិភពលោក, សមាគមកាយឫទ្ធិនារីតំបន់អាស៊ីប៉ាស៊ីហ្វិក និងមិត្តកាយឫទ្ធិនារីតំបន់អាស៊ីប៉ាស៊ីហ្វិក ជាពិសេសសមាគមកាយឫទ្ធិនារីកម្ពុជា និងសូមរក្សាស្មារតី និងសកម្មភាពទាំងនេះ បន្ដទៀត ដើម្បីជួយអប់រំ អភិវឌ្ឍសមត្ថភាព សលីធម៌ គុណធម៌ សុជីវធម៌ និងថាមពលកុមារី យុវតី ឱ្យមានអនាគតល្អ និងក្លាយជាធនធានមួយដ៏ចាំបាច់ ក្នុងការកសាងប្រទេសជាតិទៅថ្ងៃខាងមុខ៕

To Top