ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាំណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ជាថ្មីម្តងទៀតថា អាណត្តិ៧ នៃរាជរដ្ឋាភិបាលកម្ពុជា ក្នុងដំណាក់កាលនេះ គឺត្រូវពង្រឹង ជាជាងការពង្រីក ។
ក្នុងឱកាស អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ អគារទីស្តីការក្រសួងមហាផ្ទៃថ្មី នាថ្ងៃទី៦ វិច្ឆិកា សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា “ខ្ញុំសូមសង្កត់ធ្ងន់ផងដែរ នូវការបន្តកែទម្រងវិមជ្ឈការ និងវិសហមជ្ឈការ ដែលយើងបានធ្វើដោយជោគជ័យជាច្រើនឆ្នាំកន្លងមកនេះ ការកែទម្រងនេះ នៅតែបន្តមានសារៈសំខាន់ ហើយយើងគ្រប់គ្នា ត្រូវបន្តអនុវត្ត ទៅលើកិច្ចការងារនេះ” ។
សម្តេចធិបតីបន្តថា “ខ្ញុំសូមចំណាប់អារម្មណ៍បន្ថែមបន្តិច រាជរដ្ឋាភិបាល អាណត្តិទី៧នេះ ដូចខ្ញុំធ្លាប់បានលើកក្នុងវេទិកាសាធារណៈ គឺដំណាក់កាល ក្នុងការពង្រឹង ជាជាងការពង្រីក ហើយការពង្រឹងនេះ គឺការពង្រឹង នូវសេវា និងលទ្ធផលផ្តោតទៅលើមូលដ្ឋាន ដែលរាជរដ្ឋាភិបាលដាក់ចេញ គោលនយោបាយអទិភាពបន្ទាន់៦ចំណុច បូកជាមួយនឹង វិធានគន្លឹះ៥ចំណុច បន្ថែមទៅលើយុទ្ធសាស្ត្រ គោលនយោបាយផ្សេងៗ ដែលយើងមាននៅក្នុងយុត្តិសាស្ត្រ បញ្ញកោណ អាណត្តិនេះ គឺផ្តោតទៅលើការជំរុញ និងការពង្រឹងនូវការផ្តល់សេវា នៅក្នុងវិស័យអប់រំ សុខាភិបាល កសិកម្ម ហើយជាពិសេសសេវារដ្ឋបាល នៅមូលដ្ឋាន ដូច្នេះគឺទាមទារនៅក្នុងការ បង្កើនលទ្ធភាពរបស់មូលដ្ឋាន ក្នុងការដោះស្រាយ ចឹងវិមជ្ឈការ និងវិសហមជ្ឈការនេះ ដែលយើងបានជាច្រើនអាណត្តិមក គឺត្រូវតែបន្ត នឹងត្រូវតែបន្តសម្រួចធ្វើយ៉ាងណា ឲ្យបានកាន់តែមានប្រសិទ្ធភាព” ។
សម្តេចនាយករដ្ឋមន្ត្រី បន្ថែមទៀតថា កិច្ចការទាំងអស់នេះ មិនទាន់ចប់ទេ នៅបន្តធ្វើទៀត ហើយអាណត្តិទី៧នេះ នៅបន្តជំរុញបន្ថែម ដើម្បីពង្រឹងបន្ថែមនូវយន្តការ ដែលមានស្រាប់ និងពង្រឹងបន្ថែមនូវការ ផ្ទេអំណាចប្រិភូកម្មអំណាច ទៅដល់ថ្នាក់ក្រោមជាតិ ព្រោះកិច្ចការទាំងអស់នេះ នៅពេលដែលប្រជាពលរដ្ឋកាន់តែកើន ខណៈបច្ចុប្បន្នកម្ពុជាមានពលរដ្ឋពី១៦ទៅ១៧លាននាក់ ។
សម្តេចថា ដោយមិនយូរមិនឆាប់ ពលរដ្ឋនឹងកើនដល់២០លាននាក់ ក្នុងនោះកន្លែងមួយភូមិមួយ ដែលធ្លាប់មានតែ ២-៣ពាន់នាក់ ឥឡូវចូលដល់ម៉ឺននាក់ ។ កន្លែងដែលមិនធ្លាប់មានមនុស្ស ក្លាយទៅជាភូមិ ចឹងការពង្រាយសេវាឲ្យឆ្លើយតបទៅនឹងតម្រូវការ និងការរីកចម្រើននេះ ៕