ភ្នំពេញ៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសំណូមពរដល់ភាគីចិន តាមរយៈ លោកវ៉ាង វ៉ិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ឱ្យជួយជំរុញនីតិវិធីផ្តល់កម្ចីសម្បទាន ដើម្បីធ្វើការជួសជុល កំណាត់ផ្លូវជាតិលេខ៣ កំពត-វាលរេញ។
ក្នុងឱកាស អញ្ជើញជាអធិបតីភាព ក្នុងពិធីអបអរសាទរខួប១ឆ្នាំ នៃការបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក ស៊ុន ចាន់ថុល បានលើកឡើងថា «អាស្រ័យលើភាពរឹងមាំ នៃកិច្ចសហប្រតិបត្តិការរវាងដៃគូទាំងពីរ លោក ស៊ុន ចាន់ថុល បានសំណូមពរដល់លោក វ៉ាង វិនធៀន មេត្តាជួយជំរុញនីតិវិធីផ្តល់កម្ចីសម្បទាន ដើម្បីធ្វើការជួសជុលផ្លូវជាតិលេខ៣ កំណាត់កំពត-វាលរិញ ប្រវែងប្រមាណ ២០គីឡូម៉ែត្រ ដែលរងការខូចខាតយ៉ាងធ្ងន់ធ្ងរ និងបានបង្កការលំបាក ដល់បងប្អូនប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរបច្ចុប្បន្ននេះ»។
សូមរំលឹកថា គម្រោងថែទាំ និងពង្រឹកគុណភាពកំណាត់ផ្លូវជាតិលេខ៣ (កំពត-វាលរេញ) ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពត និងខេត្តព្រះសីហនុ មានប្រវែងសរុប ៥៤,៣គីឡូម៉ែត្រ ។ ផ្លូវនេះត្រូវបានចាប់ផ្ដើមបើកការដ្ឋានសាងសង់ ថែទាំ និងពង្រឹងគុណភាព កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨ ដោយប្រើប្រាស់រយៈពេល ៥៤ខែ ចំណាយថវិកា ប្រមាណ១៥,៨៥ លានដុល្លារអាមេរិក ៕