ព័ត៌មានអន្តរជាតិ

Update៖ អ៊ីស្រាអ៊ែល នឹងពិចារណា លើការផ្អាកធ្វើការវាយប្រហារទៅលើតំបន់ហ្គាហ្សា ដើម្បីសម្រួលដល់ជំនួយមនុស្សធម៌

Xinhua

ហ្គាហ្សា៖ ប្រភពពីទីភ្នាក់ងារ Reuters បានផ្សព្វផ្សាយនៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ថា លោកនាយករដ្ឋមន្ត្រី Benjamin Netanyahu បានថ្លែងថា អ៊ីស្រាអ៊ែល នឹងពិចារណា “ការផ្អាកតិចតួចជាយុទ្ធសាស្ត្រ” នៅក្នុងតំបន់ហ្គាហ្សា ក្នុងការប្រយុទ្ធគ្នា ដើម្បីជួយសម្រួលដល់ការនាមចូលជំនួយ ឬការចាកចេញពីចំណាប់ខ្មាំង ប៉ុន្តែជាថ្មីម្តងទៀតបានច្រានចោលការអំពាវនាវឱ្យមានបទឈប់បាញ់ជាទូទៅ បើទោះបីជាសម្ពាធអន្តរជាតិកើនឡើងក៏ដោយ ។
ដោយបានធ្វើការឡោមព័ទ្ធទីក្រុង ហ្គាហ្សា ដែលមានប្រជាជនច្រើនយ៉ាងក្រាស់ក្រែលនៅភាគខាងជើងនៃតំបន់ដែលក្រុមហាម៉ាស់មានមូលដ្ឋាន យោធារបស់អ៊ីស្រាអ៊ែល បានឲ្យដឹងថា ខ្លួនបានយកទីតាំងរបស់ក្រុមសកម្មប្រយុទ្ធ ហើយត្រូវបានកំណត់ដើម្បីវាយប្រហារអ្នកប្រយុទ្ធដែលលាក់ខ្លួននៅក្នុងរូងក្រោមដី ។

គិតចាប់តាំងពីក្រុមហាម៉ាស់ បានវាយឆ្មក់មកលើភាគខាងត្បូងនៃប្រទេសអ៊ីស្រាអ៊ែលកាលពីថ្ងៃទី ៧ ខែតុលា នៅគ្រាដែលពួកយុទ្ធជនរបស់ខ្លួនបានសម្លាប់មនុស្សអស់ចំនួន១.៤០០នាក់ និងបានចាប់ចំណាប់ខ្មាំងចំនួន២៤០នាក់នោះ អ៊ីស្រាអ៊ែលបានទម្លាក់គ្រាប់បែកចូលទៅក្នុងតំបន់ដែលក្រុមមន្ត្រីសុខាភិបាលហ្គាហ្សាបានលើកឡើងថា បានសម្លាប់ប្រជាជនប៉ាឡេស្ទីនជាង១០.០០០នាក់ រួមទាំងកុមារចំនួន៤.១០០នាក់ផងដែរ ។

ទាំងអ៊ីស្រាអ៊ែល និងក្រុមហាម៉ាស់ បានច្រានចោលសម្ពាធអន្តរជាតិដែលកំពុងកើនឡើងសម្រាប់បទឈប់បាញ់ ។ អ៊ីស្រាអ៊ែល បានលើកឡើងថា ចំណាប់ខ្មាំងគួរតែត្រូវបានដោះលែងជាមុនសិន ។ ក្រុមហាម៉ាស់ បានបញ្ជាក់ថា ខ្លួននឹងមិនដោះលែងពួកគេ ឬបញ្ឈប់ការប្រយុទ្ធគ្នាឡើយ ខណៈដែលតំបន់ហ្គាហ្សាកំពុងស្ថិតនៅក្រោមការវាយលុក ៕


ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top