ភ្នំពេញ៖ នៅមួយថ្ងៃមុនការប្រារព្ធពិធីអបអរសាទរ ទិវាបុណ្យឯករាជ្យ ៩ វិច្ឆិកា ពោលគឺនៅរសៀលថ្ងៃទី៨នេះ រដ្ឋបាលរាជធានីភ្នំពេញ ដឹកនាំដោយលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោកកើត ឆែ អភិបាលរងរាជធានី ព្រមទាំងមន្ត្រីចំណុះ រដ្ឋបាលរាជធានីភ្នំពេញបានអញ្ជើញ ដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ នៅវិមានឯករាជ្យ ។
ជាបន្តបន្ទាប់ មន្ត្រីនៃរដ្ឋបាលរាជធានីភ្នំពេញ អញ្ជើញទៅថ្វាយកម្រងផ្កា គោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបរមរតនកោដ្ឋ” នៅមណ្ឌប សួនច្បារខាងកើតវិមានឯករាជ្យ និងបានបន្តដំណើរអញ្ជើញ ទៅថ្វាយកម្រងផ្កា គោរពព្រះវិញ្ញាណក្ខន្ធ នៅសិលាចារឹក ព្រះរាជបណ្តាំ នៅសួន ព្រះករុណា ព្រះបរមរតនកោដ្ឋ” មុខព្រះបរមរាជវាំង។
ការចូលគោរព ព្រះវិញ្ញាណក្ខន្ធនេះ ធ្វើឡើងដើម្បីរលឹកនឹកដល់គុណូបការៈ និងវីរភាពដ៏ធំធេង របស់សម្តេចព្រះបរមរតនកោដ្ឋ ដែលបានយាងបំពេញ ព្រះរាជបូជនីយកិច្ច និងបូជាអស់កម្លាំងព្រះកាយពល បញ្ញាញាណ ក្នុងការដណ្តើមឯករាជ្យពីប្រទេសបារាំង ហើយពិធីនេះ ក្រៅតែពីក្នុងរាជធានីភ្នំពេញ នៅតាមបណ្តាខេត្តនានា ក៏មានការរៀបចំពិធីអបអរសាទរ ដល់ថ្ងៃជាប្រវត្តិសាស្ត្រ នៃការដណ្តើមបានមកវិញនូវសិទ្ធិសេរីភាព និងភាពជាម្ចាស់ទឹកដី របស់ប្រជាជាតិកម្ពុជានេះផងដែរ ។
សូមរំលឹកថា ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ គឺជាខួប៧០ឆ្នាំ ដែលប្រជាជាតិកម្ពុជាទាំងមូល បានរំដោះខ្លួនទាំងស្រុងចេញពីអាណានិគមបារាំង ក្រោមព្រះរាជបូជនីយកិច្ច ដឹកនាំដ៏ក្លៀវខ្លា របស់ព្រះមហាវីរក្សត្រខ្មែរ ព្រះបរមរតនកោដ្ឋព្រះករុណា ព្រះបាទសម្តេច នរោត្តម សីហនុ។ ដូចនឹងបណ្តាឆ្នាំកន្លងទៅដែរ ដើម្បីរំលឹកដល់ថ្ងៃជាប្រវត្តិសាស្ត្រ នៃការដណ្តើមបានមកវិញ នូវសិទ្ធិសេរីភាព និងភាពជាម្ចាស់ទឹកដីនៃប្រទេសកម្ពុជា ពិធីអបអរសាទរ ត្រូវបានប្រារព្ធធ្វើឡើងយ៉ាងកងរំពង នៅលើបរិវេណវិមានឯករាជ្យ ក្នុងរាជធានីភ្នំពេញ ទីតាំងនិមិត្តរូបការដណ្តើមបានឯករាជ្យ៕